(សៀមរាប)៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវរថយន្តបុកពីក្រោយកាលពីថ្ងៃត្រង់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លើផ្លូវលេខជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោកអនុសេនីយ៍ឯក ផាំង ហួរ នាយផ្នែកនគរបាលចរាចរណ៍ខេត្តសៀមរាប ឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ផាត សេងខៃ អាយុ ២៤ឆ្នាំ រស់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ជនរងគ្រោះបើកបរម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខសៀមរាប 1L-5811។ ចំណែករថយន្តបង្កហេតុ ម៉ាកអាលហ្វា ពណ៍ស មិនស្គាល់ផ្លាកលេខ។

លោក ផាំង ហួរ បន្តថា តាមការសាកសួរសាក្សីដែលឃើញហេតុការណ៍ បានបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូ លើដងផ្លូវពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបើកយ៉ាងលឿន ហើយក៏បុកពីក្រោយបណ្តាលឱ្យភាគីម៉ូតូស្លាប់តែម្តង។ ជាមួយគ្នានោះ រថយន្តបានបើករត់គេច តាមផ្លូវក្រវ៉ាត់ក្រុងឆ្ពោះទៅទិសខាងលិច។

លោកនាយផ្នែកនគរបាលចរាចរណ៍ខេត្តសៀមរាបបញ្ជាក់ថា ក្រោយវាស់វែង សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះសមត្ថកិច្ចបន្តសហការតាមគោលដៅ ក៏ដូចជាតាមបណ្តាស្រុកផងដែរ ដើម្បីឃាត់រថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕