(ភ្នំពេញ)៖ តាមការគ្រោងទុក តុលាការកំពូលនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ នឹងបើកសវនាការ សំណុំរឿងជះទឹកអាស៊ីតនៅផ្សារទម្លាប់ខេត្តតាកែវ ដែលបណ្ដាលឲ្យស្ត្រីម្នាក់ និងកូនស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់ធ្ងរ។ រឿងរ៉ាវក្តីមួយនេះត្រូវបានជនរងគ្រោះ សាច់ញាតិ និងមជ្ឈដ្ឋានជាច្រើន លើកឡើងថា មានភាពអយុត្តិធម៌យ៉ាងខ្លាំងពីព្រោះតែជនល្មើស ដែលគេស្គាល់យ៉ាងច្បាស់នោះ មិនទាន់ត្រូវបានចាប់់ខ្លួននៅឡើយតែ ហើយតុលាការខេត្តតាកែវមិនបានចាត់ការរឿងឲ្យមានប្រសិទ្ធភាពនោះឡើយ។
សវនាការនេះដឹកនាំដោយលោកស្រី គឹម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ។ ជនជាប់ចោទមានឈ្មោះ ញ៉ែ ដេង អាយុ៥៧ឆ្នាំ និង ប្រពន្ធឈ្មោះ សេង គឹមឡេង អាយុ៥៥ឆ្នាំ ជាប់ចោទពីបទ «ហិង្សាដោយចេតនាលើអ្នកដទៃដោយប្រើទឹកអាស៊ីត និងអំពីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅផ្សារទម្លាប់ ក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ គួររំលឹកថា កាលពីពេលកន្លងទៅ ប្តីរបស់ស្ត្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងយុត្តិធម៌ មានកម្មវត្ថុប្តឹងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ក្នុងចំណាត់ការមិនប្រក្រតី នៃការដោះលែងឪពុក ម្តាយពីរនាក់ ដែលត្រូវបានចោទប្រកាន់ថា ជាមេខ្លោងបញ្ជាឲ្យកូនពីរនាក់ជះទឹកអាស៊ីតនេះ។ បណ្តឹងដូចគ្នានេះ បានដាក់ទៅកាន់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ និងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីផងដែរ។ ប៉ុន្តែលោក ទិន សុចិត្រា ធ្លាប់បដិសេធថា ការដោះលែងនេះ ពុំមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ ពោលគឺឪពុកម្តាយទាំងពីរនេះ ពុំមានបទល្មើសនោះទេ ។
គួររំលឹកបន្ថែមថា កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានករណី ជះទឹកអាស៊ីតមួយបានកើតឡើង នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើង ដោយជនដៃដល់ ៤នាក់ (ឳពុកម្តាយ និងកូន២នាក់) បណ្តាលឱ្យស្រី្ត មានផ្ទៃពោះ២ខែម្នាក់ ឈ្មោះ មួង ស្រីមុំ រងរបួសធ្ងន់ និងកូនស្រីរបស់គាត់ អាយុ២ឆ្នាំ ម្នាក់ទៀត រងរបួសសើស្បែក។ បន្ទាប់ពីកើតហេតុ ជនដៃដល់២នាក់បងប្អូន បានរត់គេចខ្លួន ហើយតុលាការ បានកោះហៅ ឳពុកម្តាយ អ្នកជាជះ និងជាបញ្ជាឲ្យកូនជាអ្នកជះទឹកអាស៊ីតចូលបំភ្លឺ ។ ប៉ុន្តែក្រោយមក អ្នកទាំងពីរ ត្រូវបានដោះលែងឱ្យមានសេរីភាព ឡើងវិញ ៕