(សៀមរាប)៖ គ្រោះថ្នាក់រថយន្តបុកគ្នានៅលើផ្លូវជាតិលេខ៦ បណ្តាលឱ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះកើតឡើងរវាងរថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A- 6255 និងរថយន្តម៉ាកតូយ៉ាតា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ10 2-0285។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា រថយន្តហ៉ីយ៉ាន់ដាយ បើកបរដោយឈ្មោះ នី គន្ធា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅឃុំវិហាលួង ក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណើរម្នាក់។ រីឯរថយន្តតូយ៉ូតា បើកបរដោយ ឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណើរចំនួន៣នាក់។

ប្រភពបន្តថា រថយន្តហ៉ីយាន់ដាយ ត្រូវបានបើកបរក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុ ក៏បានទៅបុករថយន្តតូយ៉ូតា ដែលមានទិសដៅផ្ទុយគ្នា។ ប្រភពបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយអ្នកបើកបររថយន្តហ៉ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយប្រមូលរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត៕