(កោះកុង)៖ អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ ដែលជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនញូញៀន ស្ថិតក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ត្រូវបានមន្ទីរសុខាភិបាលខេត្តកោះកុង បញ្ជូនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោយមានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ និងបានយកសំណាក ទៅធ្វើតេស្តនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាលចំនួន២លើក ទទួលលទ្ធផលអវិជ្ជមាន។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។

វេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្តថា ក្រោយពីរកឃើញនឹងទទួលលទ្ធផលអវិជ្ជមានហើយ មន្ត្រីសុខាភិបាលបានឲ្យអ្នកទាំង៥នាក់នោះវិល ទៅបម្រើការងារក្នុងក្រុមហ៊ុនរបស់ គាត់វិញ។ ប៉ុន្តែនៅពេលទៅដល់កន្លែងបំរើការងារវិញនោះ ខាងភាគីក្រុមហ៊ុនបានរៀបចំបន្ទប់ឲ្យពួកគាត់ធ្វើចក្តាឡីស័ក ១៤បន្ថែមទៀត ដែលនេះជាវិធានការមួយដ៏ល្អ ក្នុងការតាមដានបន្ថែមទៀតដើម្បីកុំឲ្យមានការរីករាលដាលបន្តឆ្លងចូលក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ត្រូវចូលរួមទប់ស្កាត់នៃជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ ហើយត្រូវ អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធាការការផ្សព្វផ្សាយ ណែនាំអប់រំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣ការពារ ៣កុំ» និងថែរក្សាអនាម័យបរិស្ថាន ថែរក្សាសុខភាព ដោយខ្លួនឯង ដោយលោកបានបញ្ជាក់ថា «ការពារប្រសើរជាងព្យាបាល»៕