(ព្រះសីហនុ)៖ សណ្ឋាគារ «ស៊ីនយីនថៃ» នៅខេត្តព្រះសីហនុ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឱ្យដំណើរការអាជីវកម្មឡើងវិញ ក្រោយរកមិនឃើញមានអ្នកពាក់ព័ន្ធនៅកន្លែងនោះទៀត។ នេះបើតាមលិខិតអនុញ្ញាតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ។
ក្នុងលិខិតរបស់អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សណ្ឋាគារ «ស៊ីនយីនថៃ» នៅខេត្តព្រះសីហនុ ដែលបញ្ចប់ការធ្វើចត្តាឡីស័ក មានទីតាំងស្ថិតនៅវិថីឯករាជ្យ ផ្លូវលេខ១០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បើទោះបីអនុញ្ញាត ឱ្យដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្ដែលោក គួច ចំរើន បានណែនាំឱ្យអ្នកគ្រប់គ្រង ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
គួរជម្រាបថា ដោយសារតែស្ថានភាពនៅខេត្តព្រះសីហនុ ហាក់មានការធូរស្រាល ដោយប៉ុន្មានថ្ងៃមកនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» បន្ថែមទៀតនោះ រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យទីតាំងដែលមានការពាក់ព័ន្ធកន្លងទៅ បើកដំណើរការវិញជាបន្ដបន្ទាប់។
គិតត្រឹមយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ សម្រាប់នៅខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ ចំនួន ១៩៥នាក់ ក្នុងនោះកំពុងសម្រាកព្យាបាល ៧៧នាក់។ នេះបើតាមការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ប្រាប់បណ្តាញព័ត៌មាន Fresh News។
កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕