(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីនេះ នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១នេះ លោក ស្រី ចន្ធូ និងក្រុមគ្រួសារក្រុមហ៊ុន 7NG បន្តឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ អង្ករ ៧តោន និងមី១៥០កេស ស្មើរនឹង២៥កេសធំ ជូនអភិបាលខេត្តកណ្តាល ដើម្បីចូលរួមចែករំលែករំលែកដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលដែលប្រទេសកម្ពុជាកំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល កាលបើយើងធ្វើប្រហែសចំណុចណាមួយដោយមិនអនុវត្តន៍ការណែនាំទេ វាអាចធ្វើឱ្យគ្រោះថ្នាក់ដល់គ្រួសារយើង សហគមន៍យើង ពិសេសប្រទេសជាតិទាំងមូល ដូច្នេះ ត្រូវអនុវត្តន៍តាមវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនទើបធានាសុវត្ថិភាពសហគមន៍យើងទាំងមូលបាន។

បន្ថែមពីលើនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់លោកឧកញ៉ា ក៏ដូចជាក្រុមគ្រួសារ 7NG ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាកឱ្យបានទាន់ពេលវេលា។

គួរជម្រាបជូនថា ក្រៅពីផ្តល់អំណោយខាងលើនេះជូនក្រុមហ៊ុន 7 NG ក៏តែងតែជួយផ្តល់ជាអំណោយជាច្រើន ជូនរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះផងដែ៕