(ភ្នំពេញ)៖ ម៉ាសចំនួន១០ម៉ឺនម៉ាស និងទឹកអាកុលចំនួន៦០០លីត្រ ត្រូវបានសប្បុរសជនយកទៅឧបត្ថម្ភជូនអង្គភាព កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ និងទុកចែកជូនប្រជាជននៅក្នុងខេត្តផងដែរ។ ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅរាជធានីភ្នំពេញ រវាងតំណាងសប្បុរសជន និងតំណាងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ ជាថវិកាទិញម៉ាស និងទឹកអាកុលសំរាប់ឧបត្ថម្ភដល់ អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាពេលនេះ រួមមាន លោក ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកឧត្តមសេនីយ៍ ហ៊ាង ហ្វូខាយ អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ ហៀ ហ៉ីន, អ្នកឧកញ៉ា ប៉ោ សំអឿន, លោកឧកញ៉ា ថាច់ សុខវិជ័យ, លោកឧកញ៉ា យាង វណ្ណា, លោក សៀន សុខា និងលោក ជុន វណ្ណនុត។
លោកឧកញ៉ា សំ ប៊ន តំណាងឲ្យសប្បុរសជន បានលើកឡើងថា ដោយមើលឃើញនូវតម្រូវការប្រើប្រាស់ចាំបាច់របស់អង្គភាព កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលជាខេត្តនៅជាប់ព្រំដែន រួមទាំងប្រជាជននៅក្នុងខេត្តផងដែរ ទើបលោក និងបងប្អូនមិត្តភក្ដិទាំងអស់គ្នា បានរៃអង្គាសថវិកាទិញបានម៉ាស និងទឹកអាកុលខាងលើ ដើម្បីឧបត្ថម្ភសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់របស់អង្គភាព។
ក្នុងនោះ លោកឧកញ៉ា ក៏សំណូមពរសូមឲ្យកងរាជអាវុធហត្ថខេត្ត ក៏ដូចប្រជាជនទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការពារពីការឆ្លងជំងឺកូវីដ-១៩ គឺនាំគ្នាពាក់ម៉ាស លាងដៃ រក្សាគម្លាតសង្គម ជាដើម។
ជាការឆ្លើយតប ក្នុងនាមតំណាងអង្គភាព ជាពិសេស លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានធ្វើការឧបត្ថម្ភ នូវម៉ាស និងទឹកអាកុលខាងលើដែលជាតម្រូវការចាំបាច់បំផុត សម្រាប់យកទៅប្រើប្រាស់នៅក្នុងអង្គភាព និងអាចចែកជូនដល់ប្រជាជននៅក្នុងខេត្តផងដែរ៕