(ស្វាយរៀង)៖ អនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វត្តអារាមទូទាំងខេត្តស្វាយរៀង បានចូលរួមវាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ជាសាររំលឹកពលរដ្ឋឱ្យចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥៖០០នាទីនេះ វត្តអារាមទូទាំងខេត្តស្វាយរៀង បានចូលរួមវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ។ នេះបើតាមលោក ទីវ សុភា ប្រធានប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News។
លោក ទីវ សុភា បានឲ្យដឹងថា ការអនុវត្តសកម្មភាពខាងលើ ធ្វើឡើងដោយយោងតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងយោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យវាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារ និង ៣កុំ របស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតចប់ព្រឹត្តិការណ៍២០កុម្ភៈ ឲ្យបាន ៥ដងក្នុងមួយថ្ងៃ។
លោកបានបញ្ជាក់ថា «នៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ គ្រប់វត្តអារាមនៅទូទាំងខេត្តស្វាយរៀង បានធ្វើឡើងយ៉ាងផុសផុល ព្រះសង្ឃឡើងសូត្រមន្តសុំសេចក្តីសុខ និងទូងស្គរផ្តល់ដំណឹងដល់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍»។
លោក ទីវ សុភា បានរំពឹងថាវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈនាពេលនេះ គឺជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្ញាក់រលឹកឡើងបានមួយកម្រឹតទៀត ក្នុងការចេះការពារខ្លួនឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។
សូមជម្រាបថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ការណែនាំនេះ ត្រូវបានបញ្ជាក់តាមរយៈសារាចរណ៍ណែនាំមួយ របស់លោក ឈិត សុខុន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ហើយក្នុងសារាចរណ៍ណែនាំនេះ បញ្ជាក់ទៀតថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់។
កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕