(កំពង់ឆ្នាំង)៖ ករណីមានការសង្ស័យពាក់ព័ន្ធទៅនឹងការឆ្លងជំងឺកូវីដ១៩ នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានធ្វើឲ្យមនុស្សជាច្រើន ក៏មានការជាប់ពាក់ព័ន្ធផងដែរ ក្នុងនោះក៏មានមន្រ្តីអាជ្ញាធរផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានអ្នកពាក់ព័ន្ធជាច្រើននាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ហើយក៏មានលោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ ជាប់ពាក់ព័ន្ធផងដែរ។

លោក សេង វិចិត្រ បានរៀបរាប់ថា មូលហេតុដែលមានឈ្មោះលោកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ខាងលើនេះ ដំបូងឡើយគឺលោកមានបេសកកម្មចុះទៅធ្វើការក្នុងឃុំពង្រ បន្ទាប់ពីចប់ការងារលោកបានចូលមកលេងផ្ទះម្ដាយ របស់លោកនៅជិតផ្សារពង្រនេះដែរ។ បន្ទាប់មកលោក ឈួរ យូ ដែលជាម្ចាស់ផ្ទះ បានឃើញរថយន្តរបស់លោកចតនៅមុខផ្ទះរបស់ម្ដាយលោក ពួកគាត់ក៏បានទូរស័ព្ទហៅលោក។

លោកបន្តថា នៅម៉ោង ៦ជាងពេលដែលលោកចូលទៅដល់ឃើញមានមនុស្សម្នាប៉ុន្មាន ៤ទៅ៥នាក់ កំពុងអង្គុយផឹកដោយមានបើកធុងបាសឮៗ ពេលនោះលោកក៏បានប្រាប់ឲ្យពួកគេបន្ថយសំឡេង ដើម្បីកុំឲ្យរំខានដល់អ្នកជិតខាង ថែមទាំងបានពន្យល់ណែនាំពួកគេឲ្យរក្សាគម្លាតពីគ្នាទៀតផង និងម្យ៉ាងការផឹកស៊ីសប្បាយចាក់ធុងបាសដោយមានសម្លេងឮខ្លាំង ត្រូវបានហាមឃាត់ក្នុងបរិបទកូវីដ១៩នេះផងដែរ។

ពេលនោះដែរ លោកមិនបានផឹកស្រានោះទេ ព្រោះលោកទើបតែចាក់វ៉ាក់សាំងថ្មីៗ ហើយលោកបានអង្គុយគម្លាតពីអ្នកមានវិជ្ជាមានកូវីដ ប្រមាណជា៣ម៉ែត្រ រយៈពេលតែ ១០នាទីលោកក៏បានលាពួកគេចេញមកកវិញ។

លោកបានបញ្ជាក់ទៀតថា កន្លងមក និងបច្ចុប្បន្នលោកបាន និងកំពុងចូលរួមផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ពីការការពារពីជំងឺកូវីដ១៩នៅតាមទីប្រជុំជនផ្សារ និងកៀងគររកអំណោយចែកជូនដល់ពលករ ដែលធ្វើចត្តាឡីស័កនៅវិទ្យាល័យទឹកហូត និងបានរៀបចំបណ្ឌលចត្តាឡីស័ក ទិញសម្ភារៈ និងភេសជ្ជៈជូនដល់ក្រុមគ្រូពេទ្យ និងកម្លាំងការពារ។

លោកបានដឹកនាំក្រុមប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកហូត, ដឹកនាំពលករដែលត្រូវមកសម្រាកនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកហូត និងនាំរថយន្តទាហានដឹកពលករពីព្រំដែនមកដាក់នៅមណ្ឌលធ្វើចត្តាឡី ស័កទៀតផង ថែមពីនេះទៅទៀតលោកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល តែការងាររដ្ឋបាល និងការឆ្លើយតបក្រុមការងារកូវីដថ្នាក់ខេត្ត ស្រុក ឃុំ លើនៅតែបន្តធ្វើដដែល។

ជាពិសេសសម្រាប់ខ្លួនលោកផ្ទាល់ លោកតែងតែយកចិត្តទុកដាក់ការពារជីវិតខ្លួនឯង និងជីវិតក្រុមគ្រួសាររបស់លោក ដោយលោកតែងតែអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាលជានិច្ច មិនដែលមានការធ្វេសប្រហែសឡើយ៕