(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរង និងជានាយកគម្រោងថ្នាក់ខេត្តកំពង់ធំ សម្រាប់កម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញ អង្ករនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមបើក សិក្ខាសាលាស្តីពីការណែនាំ និងផ្សព្វផ្សាយការកៀរពង្រាបដី ដោយប្រព័ន្ធឡាហ្ស៊ែរ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីពាណិជ្ជករស្រូវ អ្នកធ្វើសេវាកម្មផ្នែកកៀរពង្រាបដី ក្នុងស្រុកនិងអង្គភាពពាក់ព័ន្ធនានា មកពី៣ខេត្ត គឺខេត្តកំពង់ធំខេត្តបាត់ដំបង និងខេត្តព្រៃវែង មានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៦។
សិក្ខាសាលានេះ មានគោលបំណងដើម្បីបញ្ចូលលើកស្ទួយដល់សកម្មភាពកៀរពង្រាបដី ដោយប្រព័ន្ធឡាហ្ស៊ែរ ដល់អ្នកធ្វើសេវាកម្ម ផ្នែកកៀរពង្រាបដីទាំងអស់ ( អ្នកម៉ៅការក្នុងស្រុក) និងអង្គភាពពាក់ព័ន្ធតាមរយះកម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ អាចកំណត់ភាពខ្ពស់ទាបនៃដី (វាស់ស្ទង់) រួចកៀរពីខ្ពស់ទៅទាបស្រែមានទឹក គឺកៀរពីកន្លែងផុសទឹកទៅកន្លែងលិចទឹកធ្វើឲ្យដីស្រែ រាបស្មើ ស្រែគោក គឺស្ទង់ដោយឧបករណ៍អុបទិក ទុយយោទឹក និងឡាហ្ស៊ែរ ចំណាយកំលាំងពលកម្មនិងពេលវេលាតិច។
លោក គង់ វិមាន បានថ្លែងថា «ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្ស៊ែរនេះមានអត្ថប្រយោជន៍ចំណេញផ្ទៃដីដាំដុះពី៥-៧% កែសណ្ឋានស្រែ ធ្វើឲ្យចំណេញពេលប្រតិបត្តិការពី១០-១៥%ប្រើប្រាស់គ្រឿងយន្តកសិកម្មជី មានប្រសិទ្ធភាពខ្ពស់ងាយស្រួលក្នុងការ គ្រប់គ្រងទឹក ងាយស្រួលកំចាត់សត្វល្អិត និងកំណើនស្មៅ ដំណាំទទួលទឹកនិងសារធាតុចិញ្ចឹមស្មើគ្នាងាយស្រួលប្រើប្រាស់ឧបករណ៍ អូសដាំ គ្រាប់ល្អ និងស្មើគ្នា ទិន្នផលកើនឡើងផងដែរ»៕