(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានសម្រេចបិទការចេញ - ចូលផ្សារពង្រ ដែលស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាបណ្ដោះអាសន្ន ដោយសារមានការសង្ស័យការចម្លងកូវីដ-១៩ ទៅលើប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាន។

ការសង្ស័យរហូតដល់ការបិទផ្សារខាងលើ ដោយសារតែកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ មកមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដោយពួកគេទាំង២ នាក់មានផ្ទុកមេរោគកូវីត-១៩ រួចទៅហើយ។ អ្នកទាំងពីរ មានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ប្រកាសថា ឆ្លងកូវីដ១៩។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង មានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយប្តីប្រពន្ធខាងលើនោះ ចំនួន ៦៨នាក់។

លោកបានឲ្យដឹងបន្ថែមថា បន្ទាប់ពីមានព្រឹត្តិការណ៍ខាងលើនេះកើតឡើង ក្រុមការងាររបស់លោកបានចុះទៅដល់ទីតាំងកើតហេតុ និងបានឈរជើងនៅក្នុងមូលដ្ឋាននោះ ដោយបានកំណត់មុខសញ្ញាដែលបានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកកើតកូវីដ១៩ ចំនួន១១នាក់ ដែលមកពី៣ ស្រុក/ក្រុង ក្នុងខេត្តកំពង់ឆ្នាំង គឺស្រុករលារប្អៀរ ស្រុកបរិបូណ៍ និងក្រុងកំពង់ឆ្នាំង។

«ដោយឡែក អ្នកពាក់ព័ន្ធទាំង ១១នាក់ខាងលើនេះ ក៏មានក្រុមគ្រួសារដែលបានប៉ះពាល់ដោយប្រយោល ហើយក្រុមការងារមន្ទីរសុខាភិបាល ក៏បានប្រមូលពួកគាត់ទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្ត។ ដូច្នេះអ្នកដែលត្រូវបានយកសំណាក ទាំងអ្នកដែលបានប៉ះពាល់ផ្ទាល់ចំនួន ១១នាក់ និងក្រុមគ្រួសាររបស់ពួកគាត់ផងនោះ ពេលបិទបញ្ជីពេលល្ងាច សរុបទាំងអស់ ៦៨នាក់ ក្នុងនោះមានស្រី ៣៤នាក់»។ នេះបើតាមលោក ប្រាក់ វ៉ុន។

លោកបន្តថា សំណាកទាំងអស់ត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញហើយ។ ដោយឡែកលទ្ធផល ត្រូវរង់ចាំពី១ថ្ងៃទៅ២ថ្ងៃ ទៅតាមបរិមាណសំណាកនៅក្នុងបាស្ទ័រ ថាតើមានចំនួនច្រើន ឬតិច។

លោក ប្រាក់ វ៉ុន ក៏បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីធ្វើការចុះស្រាវជ្រាវរយៈពេលពេញមួយថ្ងៃរួចមក នៅល្ងាចថ្ងៃទី២៣ខែ មីនានេះដែរ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដែលជាប្រធានគណៈកម្មការកូវីដខេត្ត បានកោះប្រជុំជាបន្ទាន់ ដោយលោកបានកំណត់នូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយត្រូវតែបន្តតាមរកអ្នកដែលពាក់ព័ន្ធផ្ទាល់ ដើម្បីយកមកដាក់ធ្វើចត្តាឡីស័កឱ្យបានគត់មត់ល្អ។

លោក ប្រាក់ វ៉ុន បានបន្តថា អំពីវិធានការបន្ត រួមមាន៖

* បន្តស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសំណាក់អ្នកពាក់ព័ន្ធផ្ទាល់ និងដាក់ឲ្យចត្តាឡីស័ក
* បន្តគ្រប់គ្រងនិងយកសំណាកអ្នកពាក់ព័ន្ធនៅសាលាស្រុករលាប្អៀរ និងបាញ់ថ្នាំសំលាប់មេរោគ
* បិទផ្សារពងជាបណ្តោះអាសន្ន ដែលស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ របស់ដល់មានការជូនដំណឹងជាថ្មី
* ជូនដំណឹងដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល មកពិនិត្យ និងយកសំណាកនៅមណ្ឌលសុខភាពពង ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់អស់។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕