(ម៉ិចស៊ិកូ)៖ អាជ្ញាធរសុខាភិបាលប្រទេសម៉ិចស៊ិកូ បានប្រកាសឲ្យដឹងថា បច្ចុប្បន្នប្រទេសអាមេរិកខាងជើងមួយនេះ មានមនុស្សឆ្លងវីរុស ហ្ស៊ីកា (Zika) ចំនួន ១២១ករណី ក្នុងនោះមានស្ត្រីមានផ្ទៃពោះចំនួន ១១នាក់។ នេះបើតាមការ ផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០១៦។
អាជ្ញាធរខាងលើបន្ថែមទៀតថា ភាគច្រើននៃអ្នកឆ្លងវីរុស គឺជាប្រជាជនដែលរស់នៅភាគខាងត្បូងប្រទេសដូចជា នៅរដ្ឋ Chiapas និង Oaxaca ជាដើម។ ក្រសួងសុខាភិបាល ម៉ិចស៊ិកូ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃចំនួនស្ត្រីមានផ្ទៃពោះ ដែលបានឆ្លងវីរុសនេះ ជាពិសេសនៅរដ្ឋ Chiapas ព្រោះថាទារកក្នុងផ្ទៃរបស់ពួកគេនឹង ទទួលរងគ្រោះជាក់ជាមិនខាន។
គួរបញ្ជាក់ថា បណ្តាប្រទេសនៅទ្វីបអាមេរិក ដែលកំពុងទទួលរងគ្រោះខ្លាំងជាងគេដោយសារវីរុសហ្ស៊ីកា រួមមាន ប្រេស៊ីល កូស្តារីកា និង ម៉ិចស៊ិកូ។ ដោយឡែកប្រទេសមួយចំនួនទៀត ដែលអាចនឹងទទួលរងការគម្រាមពីជំងឺ ដែលបង្កឡើងដោយសត្វមូសនេះ មានដូចជា អាមេរិក កូឡុំប៊ី គុយបា ប៉េរូ និង អាហ្សង់ទីន ជាដើម៕