(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំង ជាមួយក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់លោកស្រី អ៉ិន ម៉ានីតា ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១នេះ។
នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់លោកស្រី អ៉ិន ម៉ានីតា គឺជាមរណភាពគួរឲ្យសោកស្ដាយជាទីបំផុត ដោយសារការឆ្លងមេរោគដ៏កាចសាហាវនេះ ដែលបានសម្លាប់ជីវិតមនុស្សដ៏គួរឲ្យព្រួយបារម្ភជាខ្លាំង។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកស្រី អ៉ិន ម៉ានីតា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ដោយសារកម្ពុជាកំពុងតែមានការឆ្លងរាតដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ជាប្រចាំនូវវិធានការការពារ «៣ការពារ និង ៣កុំ» ។ ៣ការពារ៖ គឺត្រូវពាក់ម៉ាស់ការពារ- ត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែល-ត្រូវរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។ ៣កុំ៖ គឺកុំបដិសណ្ឋាកិច្ចដោយចាប់ដៃ ឱប ឬកៀកស្មាគ្នា- កុំនៅក្នុងបន្ទប់បិទជិត- កុំនៅកន្លែងដែលមានមនុស្សច្រើនកុះករ។
សូមបញ្ជាក់ថា លោកស្រី អ៉ិន ម៉ានីតា អាយុ ៦២ឆ្នាំ (ជាម្ដាយរបស់តារាកំប្លែង ស្រី ពីន) មានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ នេះ ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕