(ព្រះសីហនុ)៖ ក្លឹបអន្តរជាតិ និងផ្ទះជួលចំនួន ២កន្លែងទៀតហើយ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឱ្យដំណើរការអាជីវកម្មឡើងវិញ ក្រោយរកមិនឃើញមានអ្នកពាក់ព័ន្ធនៅកន្លែងនោះទៀត។ នេះបើតាមលិខិតអនុញ្ញាតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។
ក្នុងលិខិតរបស់អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្លឹបអន្តរជាតិ និងផ្ទះជួលចំនួន ២កន្លែង ដែលបញ្ចប់ការធ្វើចត្តាឡីស័កនោះរួមមាន៖ ក្លឹបអន្តរជាតិ ជូហាវ និងផ្ទះស្នាក់នៅក្រោយក្លឹប មានទីតាំងស្ថិតនៅផ្លូវសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងទីតាំងទី២ ផ្ទះជួលនៅជាប់ និងពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោ ហ័រស៊ីន មានទីតាំងស្ថិតនៅផ្លូវវិថីអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បើទោះបីអនុញ្ញាត ឱ្យដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្ដែលោក គួច ចំរើន បានណែនាំឱ្យអ្នកគ្រប់គ្រង ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលនៃការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តព្រះសីហនុ បានចាប់ផ្តើមរើឡើងវិញ ដោយរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងគួរឱ្យគត់សម្គាល់ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែមីនានេះ នៅក្នុងសេចក្តីប្រកាសផ្លូវការពីអ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេសរបស់ក្រសួងសុខាភិបាល ខេត្តព្រះសីហនុ ក៏រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៧នាក់ផងដែរ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមម៉ោង០៥ និង០០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០២កន្លែងបន្ថែមទៀត។ ដូច្នេះទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន ៣៩កន្លែង។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨៣នាក់, ស្លាប់ចំនួន៤នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕