(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចការចេញចូលនៅទីតាំងអគារ ខុនដូរ កាស៊ីណូ និងមន្ទីរសម្រាកព្យាបាល សរុបចំនួន៤កន្លែង ក្រោយរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលកាន់តែតែខ្លាំងឡើងថែមទៀត នៅក្នុងខេត្តណព្រះសីហនុ។
យោងតាមលិខិតរបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ដែលផ្ញើជូនម្ចាស់ទីតាំងទាំង៤កន្លែងនោះ បានបញ្ជាក់ថា ទីតាំងដែលត្រូវផ្អាកជាបណ្តោះអាសន្នការចេញ-ចូល រួមមាន៖
*ទី១៖ អគារខុនដូរ អ៊នជាជីធ័ន (អគារស្នាក់បុគ្គលិក កាស៊ីណូ អាត្លង់តិច ទីក្រុងកម្សាន្ត) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី២៖ អគារស្នាក់បុគ្គលិក កាស៊ីណូ អាត្លង់តិច ទីក្រុងកម្សាន្ត ស្ថិតនៅផ្លូវលេខ ១០២ ភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី៣៖ អគារកាស៊ីណូ អាត្លង់តិច ស្ថិតនៅលើផ្លូវពូលូវ៉ៃ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*និងទី៤៖ មន្ទីរសម្រាកព្យាបាល «រស្មីបាយ័ន» ស្ថិតនៅលើផ្លូវលេខ១០៨៣ (មហាស្រពចាស់ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ ក្រៅពីបិទទីតាំងទាំងនេះ ក៏បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ចុះយកសំណាកអ្នកដែលពាក់ព័ន្ធ និងរៀបចំទីតាំងទាំងនេះជាកន្លែងធ្វើចត្តាឡីស័កទាំងម្តង។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ទីតាំងដែលត្រូវផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក មានចំនួន៣១កន្លែង។
សូមបញ្ជាក់ថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេល នៃការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តព្រះសីងហនុ បានចាប់ផ្តើមរើឡើងវិញ ដោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងគួរឱ្យគត់សម្គាល់ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែមីនានេះ នៅក្នុងសេចក្តីប្រកាសផ្លូវការពីអ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេសរបស់ក្រសួងសុខាភិបាល ខេត្តព្រះសីហនុ ក៏រកឃើញអ្នកវិជ្ជមានជំងឺកូវីដចំនួន១៧នាក់ ខណៈកាលពីម្សិលមិញរកឃើញរហូតដល់៣២នាក់៕