(សៀមរាប)៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនណាហ្គា ដែលគេស្គាល់ថាជាក្រុមហ៊ុនកាស៊ីណូដ៏ធំជាងគេនៅកម្ពុជា បានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្មីមួយនៅលើទឹកដីខេត្តសៀមរាប គឺគម្រោង Angkor Lake of Wonder ដែលមានន័យថា «បឹងអច្ឆរិយៈអង្គរ»។ ដ្បិតក្រុមហ៊ុនប្រកាសថា គម្រោងនេះពុំមានបញ្ចូលល្បែងក៏ពិតមែន តែមហាជនមួយចំនួនបារម្ភថា វានឹងអាចប៉ះពាល់ដល់រមណីយដ្ឋានអង្គរ ដែលនៅមិនឆ្ងាយប៉ុន្មានពីគម្រោងដ៏ធំនេះ។
នារសៀលថ្ងៃទី២៣ ខែមីនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីគម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ។ ក្រសួងវប្បធម៌បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើថា គម្រោងរបស់ក្រុមហ៊ុនណាហ្គាខប ពុំអាចអនុវត្តបានទេនៅក្នុងបរិបទនេះ។
ការប្រកាសបដិសេធនេះ គឺក្រោយពេលដែលក្រសួងវប្បធម៌ បានប្រជុំ និងស្ដាប់យោបល់ពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ក៏ដូចជាអ្នកជំនាញការ «Ad Hoc» និងអង្គការយូណេស្កូ ដោយយល់ថា គម្រោងនេះអាចមានផលប៉ះពាល់ដល់តំបន់រមណីយដ្ឋានអង្គរ។
សូមរំលឹកថា ក្រុមហ៊ុនណាហ្គា បានប្រកាសពីគម្រោងអភិវឌ្ឍន៍ឈ្មោះថា «បឹងអច្ឆរិយៈអង្គរ» ក្នុងទំហំទឹកប្រាក់ ៣៥០លានដុល្លារ នៅលើផ្ទៃដី ៧៥ហិកតា ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីតំបន់រមណីយដ្ឋានអង្គរ។
ក្រុមហ៊ុនបញ្ជាក់ថា គម្រោងនេះមានការរៀបចំជាសួនទឹក ផ្សាររាត្រី សណ្ឋាគារ ភោជនីយដ្ឋានជាដើម ដែលគ្រោងនឹងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង៕