(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ថា មានសហគមន៍ការពារតំបន់ធម្មជាតិ ចំនួន០៩ថ្មី កំពុងរៀបចំនីតិវិធីបង្កើតឡើង ដែលធ្វើឱ្យកើនដល់ចំនួន ១៨៣ សហគមន៍ការពារតំបន់ធម្មជាតិ ដើម្បីស្នើសុំបង្កើត និងទទួលស្គាល់ដោយក្រសួងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ។
ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សហគមន៍តំបន់ការពារធម្មជាតិ ដែលនឹងត្រូវបង្កើតថ្មីចំនួន០៩ ដែលធ្វើឱ្យចំនួនសហគមន៍ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន កើនឡើងដល់១៨៣ សហគមន៍តំបន់ការពារធម្មជាតិ ហើយ ៩សហគមន៍នេះ កំពុងតែរៀបចំដំណើរការនីតិវិធី ដើម្បីស្នើសុំបង្កើត និងទទួលស្គាល់ពីក្រសួងបរិស្ថាន»។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះបានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិទាំង៩ថ្មីនេះ រួមមាន៖ សហគមន៍ ភ្នំទ័ពជាង ធ្វើសកម្មភាពនៅឧទ្យានជាតិជួរភ្នំក្រវាញត្បូង, សហគមន៍ ទឹកធ្លាក់ស្រែអំបិល ធ្វើសកម្មភាពនៅដែនជម្រកសត្វភ្នំឱរ៉ាល់, សហគមន៍ ដាតាវីក ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ តាំងយូរ ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ ចាក់អង្រែ ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ ព្រៃទ័ព ធ្វើសកម្មភាពនៅតំបន់ដែនជម្រកសត្វព្រៃព្រះរការ, សហគមន៍ តាទៃលើ ធ្វើសកម្មភាពនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល, សហគមន៍ ឬស្សីជ្រុំ ធ្វើសកម្មភាពនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញត្បូង និងសហគមន៍អូរពុងរូង ធ្វើសកម្មភាពនៅដែនជម្រកសត្វព្រៃកែវសីមា។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតសហគមន៍តំបន់ការពារធម្មជាតិមាន ៣ចំណុចរួមមាន៖
* ទី១៖ ផ្តល់ឱកាសដល់ប្រជាសហគមន៍មូលដ្ឋាន ចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ
* ទី២៖ ផ្តល់លទ្ធភាពងាយស្រួល ដល់ស្ថាប័នរដ្ឋ និងស្ថាប័ននានា ដើម្បីសម្របសម្រួលដល់ការងារអន្តរាគមន៍ និងអភិវឌ្ឍជីវភាព និងសេដ្ឋកិច្ចមូលដ្ឋានសិទ្ឋិ និងក្របខណ្ឌច្បាប់ដល់សហគមន៏មូលដ្ឋាន។
* ទី៣៖ ចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងសសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ដែលយោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ រួមនឹងជីវៈចម្រុះជាច្រើនទៀត នៅក្នុងតំបន់ព្រៃសហគមន៍និងតំបន់ការពារធម្មជាតិ បានដើរតួនាទីសំខាន់សហការជាមួយ មន្ត្រីឧទ្យានុរក្សចុះល្បាតព្រៃឈើ និងចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ការគាំទ្រថវិកាដោយគម្រោង និងអង្គការដៃគូ សមាជិកសហគមន៍តំបន់ការពារធម្មជាតិក៏បានចូលរួមចំណែកបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងនោះបានចូលរួមដោះអន្ទាក់ ដែលនៅឆ្នាំ២០២០កន្លងទៅ មន្ត្រីឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិបានដោះអន្ទាក់បានជិត ៥០,០០០អន្ទាក់ បង្ក្រាបបទល្មើសក្នុងតំបន់ធនធានធម្មជាតិបានជិត ៨,០០០ករណី រឹបអូសរណាយន្តជាង ៤,០០០គ្រឿង និងកាំភ្លើងកែច្នៃជិត ១,០០០ដើម។ល។
អ្នកនាំពាក្យដ៏សកម្មរូបនេះ បានបញ្ជាក់បន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ បានទទួលនូវអត្ថប្រយោជន៍ជាច្រើន ពីលើការចូលរួមថែរក្សាធនធានធម្មជាតិ ដោយពួកគាត់ក៏អាចប្រមូលអនុផលព្រៃឈើប្រចាំឆ្នាំដូចជា៖ ទឹកឃ្មុំ ផ្លែឈើ ផ្សិត បន្លែជាដើមដែលអាចផ្តល់ចំណូលបន្ថែមជូនដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាក៏មានបំណងប្រែក្លាយតំបន់អភិរក្សខ្លះ ដែលមានសក្តានុពលទេសចរណ៍ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។
បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។ បងប្អូននឹងសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនាគតសហគមន៍។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានចង់ឃើញស្នាមញញឹម សាមគ្គីភាពរបស់បងប្អូនប្រជាសហគមន៍កាន់តែរឹងមាំកូនៗ របស់ប្រជាពលរដ្ឋសិក្សាបានជ្រៅជ្រៅ រៀបចំសេដ្ឋកិច្ចសហគមន៍មានការរីក ចម្រើន និងធនធានធម្មជាតិត្រូវបានការពារបានល្អប្រសើរ សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមអរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយ កម្លាំងចិត្តចូលរួមក្នុង ការពារនិងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់ មនុស្សរាប់ជំនាន់ទៅមុខទៀត៕