(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានជួបប្រជុំតាមរយៈប្រព័ន្ធ Video Teleconferencing (VTC) ជាមួយនាយឧត្តមសេនីយ៍ Nam Yeongshin មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ ដែលទើបឡើងកាន់តំណែងបន្តពីនាយឧត្តមសេនីយ៍ Suh Wook បច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ជាពិសេសក្នុងស្ថានភាពលំបាក ដែលជំងឺកូវីដ-១៩ នៅកំពុងបន្តរាតត្បាតពិភពលោកនៅឡើយ។
តាមរយៈកិច្ចប្រជុំរវាងមេទ័ពជើងគោកនៃប្រទេសទាំងពីរ បានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជាទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរីកចម្រើនប្រកបដោយផ្លែផ្កា ដោយនឹងខិតខំជំរុញល្បឿននៃការអនុវត្តកិច្ចការទាំងអស់ឱ្យមានសន្ទុះឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន»។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Nam Yeongshin បានសម្តែងនូវការពេញចិត្ត និងអរគុណចំពោះឆន្ទៈរួមក្នុងការបន្តថែរក្សាពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ លើមូលដ្ឋាន និងទិសដៅដែលអតីតមេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ រៀបចំបានផ្តួចផ្តើមជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាការឆ្លើយតប ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សមភាគីនៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈកាលកន្លងមក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរ ដោយបានសង្កត់ធ្ងន់ផងដែរថា ទោះបីប្រទេសទាំងពីរ ក៏ដូចជាសាកលលោកកំពុងជួបប្រទះនូវការលំបាកបង្កឡើងដោយជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមដ៏ធ្ងន់ធ្ងរនេះក៏ដោយ ក៏ឧបសគ្គនេះមិនអាចប៉ះពាល់ដល់ការបន្តទំនាក់ទំនងល្អរបស់យើងបានឡើយ គឺយើងនៅតែអាចស្វះស្វែងរិះរកមធ្យោបាយដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងជាមួយគ្នា គឺដូចអ្វីដែលកំពុងធ្វើតាមប្រព័ន្ធ Video Teleconferencing (VTC) នាពេលនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានចែករំលែក និងផ្លាស់ប្តូរអំពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសរៀងខ្លួនៗ ព្រមទាំងបទពិសោធន៍របស់កងទ័ពជើងគោកទាំងពីរ ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជន ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ សម្រាប់ជាការដកពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក៕