(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបិទការចេញ-ចូល ជាបណ្តោះអាសន្នក្នុងផ្សារពង្រ ក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្រោយរដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំពោះអ្នកលក់ដូរ ក្នុងផ្សារពង្រ ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតមានសេចក្តីសម្រេចជាថ្មី។ នេះតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
នៅក្នុងសេចក្តីសម្រេចដដែល បានឱ្យដឹងថា ចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ សូមភ្ញាក់រលឹកអញ្ជើញមកជួបក្រុមការងារ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមណ្ឌលសុខភាពឃុំពង្រ ស្រុករលាប្អៀរ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះតទៅ រៀងរាល់ពេលម៉ោងធ្វើការ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងប្តីប្រពន្ធ២នាក់ ដែលមកពីរាជធានីភ្នំពេញមានវិជ្ជមានកូវីដ១៩ ទៅយកសំណាកពិនិត្យធ្វើតេស្តរកកូវីដ១៩ ឲ្យបានត្រឹមត្រូវ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ប្តីប្រពន្ធខាងលើបានទៅមើលកសិដ្ឋានចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុននឹងដឹងថា ខ្លួនមានផ្ទុកមេរោគកូវីដ១៩ ដែលសង្ស័យឆ្លងពីប្អូនបង្កើតនៅរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥នាក់បន្ថែមទៀត។ ក្នុងនោះ មានអ្នកជំងឺ២នាក់ គឺបុរសអាយុ ៤៦ឆ្នាំ និងស្ត្រីអាយុ ៣៨ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺជាប្តីប្រពន្ធដែលបានទៅមើលកសិដ្ឋាចិញ្ចឹមមាន់ ក្នុងខេត្តកំពង់ឆ្នាំង។
ដោយឡែកនៅព្រឹកថ្ងៃនេះ នៅទីតាំងមណ្ឌលសុខភាពពង្រ ក្រុមការងារដែលដឹកនាំដោយលោក អម សុភា អភិបាលរងខេត្ត តំណាងអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីសុខាភិបាល និងសមត្ថិកិច្ចចុះស្រាវជ្រាវ រកអ្នកពាក់ព័ន្ឋ និងក្រុមគ្រួសារ ដើម្បីធ្វើសំណាក។
គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨៣នាក់, ស្លាប់ចំនួន៤នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕