(សៀមរាប)៖ មន្រ្តីអាវុធហត្ថខេត្តសៀមរាប បានប្រាប់ Fresh News ថា នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងរបស់ខ្លួន បានតាមចាប់ខ្លួនឈ្មោះ ថោង សុខៃ អតីតនាយកសង្កាត់រដ្ឋបាលស្រែណូយ ដល់ខេត្តបន្ទាយមានជ័យ ជុំវិញការគំរាមសម្លាប់ អតីតប្រពន្ធរបស់ខ្លួនជាស្រីមេម៉ាយ ដែលត្រូវបានតុលាការឧទ្ធរណ៍ ចេញដីកាបញ្ជាឲ្យតាមចាប់ខ្លួននោះ។ ការចាប់ខ្លួនបានភ្លាមៗ ស្រ្តីមេម៉ាយ យស់ លក្ខ័ណា បានទទូចឲ្យមន្រ្តីតុលាការ ខេត្តសៀមរាប ត្រូវចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ ចំពោះជននេះដើម្បី ផ្តល់ភាពយុត្តិធម៌ ជូនអ្នកស្រីដែលទទួលរងនូវការគំរាមកំហែង និងការធ្វើបាបផ្លូវចិត្ត ផ្លូវកាយនាពេលអតីតកាលនាពេលកន្លងទៅ។
មន្រ្តីអាវុធហត្ថខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន នៅខេត្តបន្ទាយមានជ័យរួចមក ឈ្មោះ ថោង សុខៃ ត្រូវបាននាំខ្លួន ភ្លាមៗមកកាន់តុលាការ ខេត្តសៀមរាប ដើម្បីបន្តការសួរនាំ និងចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា អ្នកស្រី យស់ កល្ខ័ណា រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News ថា អតីតប្តីរបស់ខ្លួន ឈ្មោះ ថោង សុខៃ អាយុ៥៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាអតីតនាយសង្កាត់រដ្ឋបាល ព្រៃឈើស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ក្រោយពីបានលែងលះគ្នារួចមក ជននេះបានវាយធ្វើបាប ជេរប្រមាថជាច្រើនលើក ជាច្រើនសារ ហើយពេលខ្លះ បានគំរាមសម្លាប់ទៀតផង។
ការប្រើអំពើហិង្សា នាពេលកន្លងទៅ បានធ្វើឲ្យអ្នកស្រី រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតចំភ្នែកមិនចង់ឃើញទៀតផង ហើយកុំតែពេលខ្លះ បានកូនស្រីជួយ និងរត់ទៅរកសមត្ថកិច្ចទាន់ កុំអីអាចស្លាប់ក៏ថាបាន។ អ្នកស្រី យស់ លក្ខ័ណា បានរៀបរាប់ថា ក្រោយពីប្រើ អំពើហិង្សា និងគំរាមសម្លាប់យ៉ាងដូច្នេះ ធ្វើឲ្យអ្នកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង ទើបបានទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្ត សៀមរាប ដើម្បីឲ្យជួយអន្តរាគមន៍ ប៉ុន្តែពន្លឺយុត្តិធម៌ មិនបានអណ្តែតឡើង នោះឡើយ ពោលជនបង្កមិនត្រូវបានព្រះរាជអាជ្ញាខេត្ត ធ្វើការចោទប្រកាន់ និងឃុំខ្លួននោះទេ ទុកឲ្យមានសេរីភាពដដែល ហើយជននេះបានបន្តសកម្មភាព គំរាមកំហែងរហូត ដោយសារតែពន្លឺយុត្តិធម៌ នៅសាលាដំបូងខេត្តសៀមរាម មិនបានលេចអណ្តែត ធ្វើឲ្យស្រ្តីមេម៉ាយរូបនេះ ខិតខំបន្តស្វែងរកអន្តរាគមន៍ មកតុលាការថ្នាក់ទី២ គឺសាលាឧទ្ធរណ៌។
ក្រោយក្តាប់សេចក្តី នៃដំណើររឿងរួចហើយ អគ្គព្រះរាជអាជ្ញា គឺលោក អ៊ុក សាវុធ បានធ្វើពាក្យបណ្តឹងជំទាស់ ការសម្រេចរបស់ សាលាដំបូងខេត្ត។ ក្រោយពីមានការជួយអន្តរាគមន៍ របស់លោក អ៊ុក សាវុធរួចមក ទើបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក ឃុន លាងម៉េង បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ថោង សុខៃ ក្រោមបទ ចោទប្រកាន់ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់»។
ស្រ្តីមេម៉ាយរូបនេះ ដែលបច្ចុប្បន្ន កំពុងរស់នៅជាមួយកូនស្រី ដោយមានការ ភ័យខ្លាចនោះ សូមអំពាវនាវ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាលោកទាំងទ្វេរ ជួយអន្តរាគមន៍រឿងនេះផង ដើម្បីឲ្យប្រជាលរដ្ឋ រងគ្រោះពិតប្រាកដ មានពន្លឺយុត្តិធម៌។ សម្រាប់ការវាយធ្វើបាបពីអតីតប្តីរបស់ខ្លួននោះ អ្នកស្រីបានថ្លែងពីបញ្ហាសុខភាពភ្នែក របស់គាត់ ដែលពេទ្យបានប្រាប់ពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងមិនសូវមើលឃើញនោះឡើយ៕