(ស្វាយរៀង)៖ យ៉ាងហោចណាស់ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់ពាក់កណ្តាលផ្លូវនៅពេលដែលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងក្មេងប្រុសស្រី ៣នាក់ទៀត បានរងរបួសស្រាល ខណៈនាំគ្នាតោងលេងទ្វាររបងដែក ហើយបណ្តាលរលំសង្កត់ពីលើតែម្តង។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៦៖៤៥នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែររបង ហើយបានឡើងតោងលេងបណ្តាលឱ្យទ្វាររបងរលំសង្កត់ទាំង៤នាក់ រងរបួសធ្ងន់ម្នាក់ស្រាល៣នាក់ ប៉ុន្តែអកុសល្យក្មេងស្រីអាយុ៨ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវខណៈដែលក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យ។
ប្រភពដែលបានបន្តទៀតថា ក្មេងស្រីដែលបានស្លាប់ក្នុងហេតុការណ៍រលំទ្វារបងសង្កត់លើនោះមានឈ្មោះ ឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ឪពុកឈ្មោះ ឆាយ ចាន់លី អាយុ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិ ព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ)។
ក្មេងចំនួន៣ផ្សេងទៀតរួមមានទី១៖ ឈ្មោះ ចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស រងរបួសស្រាល, ទី២៖ ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ រងរបួសស្រាល និងទី៣៖ ឈ្មោះ វីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស រងរបួសស្រាល។
សមត្ថកិច្ចបានបញ្ជាក់ថាអ្នកទាំង៤ ទៅលេងទ្វារបងផ្ទះឈ្មោះ ឡឹក ចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិឃុំជាមួយគ្នា ក៏បានរលំទ្វារបងសង្កត់តែម្ដង។ ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅស្រុកស្វាយទាប៕