(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ឱ្យក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១-៩ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវបន្ទាន់ ដោយបានរកឃើញបុរសជនជាតិខ្មែរម្នាក់អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្លឹបហាត់ប្រាណ Fit Zone នៅរាជធានីភ្នំពេញ ធ្វើតេស្តវិជ្ជមានកូវីដ-១៩ និងបានមកលេងផ្ទះម្ដាយនៅស្រុកកំណើត ដែលមានបងប្អូនបង្កើតចំនួន ៦នាក់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានអ្នកប៉ះពាល់ដោយផ្ទាល់ចំនួន ៩នាក់ និងអ្នកប៉ះពាល់ដោយប្រយោជន៍ចំនួន ២១១នាក់ ជាមួយបុរសខាងលើ។
បើតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវ និងតាមដាន និងបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ សហការជាមួយក្រុមការងារឆ្លើយតបបន្ទាន់ ចុះទៅយកសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ៩នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផលលើកទី១ គឺអវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រង់ចាំយកសំណាកវិភាគធ្វើតេស្តលើកទី២ បន្តទៀត។
ចំពោះអ្នកប៉ះពាល់ដោយប្រយោលចំនួន ២១១នាក់ ត្រូវបានអាជ្ញាធរខេត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ នៅតាមផ្ទះ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល និងរង់ចាំលទ្ធផលធ្វើតេស្តជាលើកទី២ របស់អ្នកប៉ះពាល់ផ្ទាល់ចំនួន៩នាក់ ខាងលើដើម្បីមានវិធានការបន្ត។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងថាខ្លួនបានប៉ះពាល់ដល់ផ្ទាល់ និងប្រយោជន៍ជាមួយបុរសខាងលើ សូមដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូមប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវវិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវី១៩ «៣ការពារ ៣កុំ» ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕