(ភ្នំពេញ)៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលចុះទៅធ្វើជំរឿនជនបរទេស នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បុរសឈ្មោះ ប៊ុន ចយ និងប្រពន្ធមានឈ្មោះ ឃុន យូ ពិតជាជនជាតិខ្មែរ មិនមែនជាជនជាតិវៀតណាមនោះឡើយ ក្រោយពីការសួរនាំបន្ថែមពីមន្រ្តីជំនាញ និងមានការបញ្ជាក់ឡើងវិញនូវឯកសារនានានោះ។
លោកឧត្ដមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះថា «លោក ប៊ុន ចយ និងប្រពន្ធ គឺជាជនខ្មែរក្រោយពីយើងបានសួរនាំរួចមកនោះ បើទោះបីជាគាត់និយាយស្តី និងមានរូបរាងដូចជនជាតិវៀតណម ពីព្រោះពួកគាត់មានស្រុកកំណើតនៅខេត្តព្រៃវែង ជាប់ព្រំដែនវៀតណាមហេតុដូច្នេះហើយ បានជាគាត់និយាយមិនសូវច្បាស់»។ ជាមួយគ្នានេះ ក្រុមមន្ត្រីអន្តោប្រវេសន៍ក៏បានបដិសេធ នឹងការលើកឡើងនូវការចោទប្រកាន់ថា ក្រុមមន្រ្តីបានបង្ខំឲ្យប្រជាពលរដ្ឋ ចូលសញ្ជាតិជាការបានលុយកាក់នោះ គឺមិនមានទេ ពីព្រោះយើងមានក្រុមមន្រ្តី មកពីនាយកដ្ឋានផ្សេងទៀត និងមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់មុនឲ្យចូលសញ្ជាតិ។
លោកឧត្ដមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា បានបញ្ជាក់ថា «ក្នុងការជំរឿនជនអន្តោប្រវេសន៍ ត្រូវបានអនុវត្តឡើង នៅទូទាំងប្រទេស ជាបន្តបន្ទាប់ដោយបច្ចុប្បន្នកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយសម្រេចបានចំនួន២២០គ្រួសារ បើគិតជាចំនួនមនុស្សប្រហែលជា៧ទៅ៨រយនាក់ ព្រមទាំងបានចេញប័ណ្ណប្រកាសជូនសាម៉ីខ្លួន រួចរាល់ដើម្បីឲ្យបង់ពន្ធអាករ ចូលរដ្ឋរយះពេល៧ឆ្នាំដោយក្នុង២ឆ្នាំ ត្រូវបង់ប្រាក់ជាពន្ធអាករ ចូលរដ្ឋចំនួន២៥ម៉ឺនរៀល និងអាចជួយកាត់បន្ថយជនអន្តោប្រវេសន៍ ដែលស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបាន»។
អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងជាអនុប្រធានអចិន្ត្រយ៍លោកឧត្ដមសេនីយ៍ត្រី ប៉ូ សេងលាង បានបញ្ជាក់ថា ដោយការខិតខំប្រឹងប្រែងអនុវត្តតាមការចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអនុវត្តតាមបទបញ្ជាលេខ០១០ របស់ក្រសួងមហាផ្ទៃ ក្នុងនោះមាន៥អគ្គនាយកដ្ឋាន បានចូលរួមអនុវត្តយ៉ាងក្ដៅគគុក ក្នុងការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធ ឫការសម្ភាសន៍ជនអន្តោប្រវេសន៍ណាម្នាក់ មុនសម្រេច ឫវាយតម្លៃថា ជាខ្មែរត្រូវមានការឯកភាពវិនិច្ឆ័យសម្រេចចេញពីអគ្គនាយកដ្ឋានទាំង៥ រួមមាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយដ្ឋានវិសោធនកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយដ្ឋានក្រុមប្រឹក្សានីតិកម្ម ដើម្បីជាសវាងការសន្និដ្ឋាន ឫវាយតម្លៃខុសដោយបានផ្ដល់សញ្ជាតិ ឲ្យជនបរទេសទៅជាខ្មែរដោយពុំមានការទទួលស្គាល់។ លោកឧត្ដមសេនីយ៍ បានព្រមានដល់មន្រ្តីរបស់ខ្លួន បើសិនរកឃើញថា មានការគៀបយកលុយពីជនបរទេសលើសច្បាប់ដែលកំណត់នោះ ត្រូវទទួលបានច្បាប់ ហើយលោកក៏សូមឲ្យប្រជាពលរដ្ឋត្រូវរាយការណ៍ជូន បើសិនមានរឿងនេះកើតឡើង។
ជាចុងក្រោយលោកឧត្ដមសេនីយ៍ត្រី បានសូមអំពាវនាវ ដល់ជនអន្តោប្រវេសន៍នៅទូទាំងសង្កាត់ទួលសង្កែ ដែលកំពុងស្នាក់នៅ និងធ្វើការដោយខុសច្បាប់ មេត្តាជួយចូលរួម សហការជាមួយសមត្ថកិច្ចជំនាញ ដែលកំពុងអនុវត្តច្បាប់ ត្រូវប្រញ៉ាប់យកឯកសារពាក់ព័ន្ធដើម្បីត្រួតពិនិត្យ និងផ្ដល់បទសម្ភាស៍ពីសមត្ថកិច្ចជំនាញអន្តោប្រវេសន៍នៅប៉ុស្ដិ៍នគរបាលទួលសង្កែ ខណ្ឌឫស្សីកែវ។ ជុំវិញបញ្ហានេះលោក ប៊ុន ចយ មានវ័យ៦០ឆ្នាំ និងមានប្រពន្ធឈ្មោះ ឃុន យូ មានកូនស្រីចំនួន៣នាក់ ក្នុងបន្ទុកនិងជាប្រជាពលរដ្ឋខ្មែររស់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក៏បានប្រាប់ថា រូបគាត់រួមទាំងគ្រួសារមានស្រុកកំណើត ចម្ងាយត្រឹមតែ៣០០ម៉ែត្រប៉ុណ្ណោះ ពីប្រទេសវៀតណាម គឺនៅជាប់ព្រំដែនតែម្ដងទើបបណ្ដាលឲ្យគាត់រួមទាំងក្រុមគ្រួសារ និយាយមិនសូវច្បាស់៕