(ក្រចេះ)៖ ផែនការសកម្មភាពជាតិស្តីពីការអប់រំពហុភាសា ត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការហើយ នៅថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៦នេះ នៅក្នុងខេត្តក្រចេះ ក្រោមអធិបតីភាពលោក បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអ្នកពាក់ព័ន្ធ និងដៃគូនានា ដូចជាតំណាងរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាជិកសហគមន៍ យូនីសេហ្វ អង្គការឃែរ និង ដៃគូអភិវឌ្ឍន៍ដទៃទៀត។
ផែនការសកម្មភាពជាតិនេះ នឹងផ្តល់នូវផែនទីបង្ហាញផ្លូវមួយ ដើម្បីពង្រីកការអប់រំពហុភាសាដល់កុមារមកពីសហគមន៍ ជនជាតិដើម ភាគតិចក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត តាមរយៈការផ្តល់ឱកាសឲ្យពួកគេអាចរៀនសូត្រដោយប្រើភាសាកំណើត របស់ខ្លួន ដើម្បីពង្រឹងគុណភាពនៃការរៀនសូត្រររបស់ពួកគេ។ ផែនការនេះរួមបញ្ចូលការរៀបចំផែនការសម្រាប់បង្កើន ចំនួនសាលារៀនបន្ថែម ការបណ្តុះបណ្តាលគ្រូនិងការរៀបចំឯកសារបង្រៀន សម្រាប់កម្មវិធីអប់រំពហុភាសា នៅខេត្តប៉ែកឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង ព្រះវិហារ។
លោករដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «កម្មវិធីអប់រំពហុភាសាមានសារៈសំខាន់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សម្រាប់ការអប់រំប្រកបដោយបរិយាប័ន្នភាព សមធម៌ និងគុណភាព នៅកម្ពុជា»។ លោកបានបន្តទៀតថា «កម្មវិធីនេះ ក៏ជាស្ពានសម្រាប់ភ្ជាប់កុមារកម្ពុជា ដែលមិននិយាយភាសាខ្មែរនៅផ្ទះ និង ផ្តល់លទ្ធភាពឲ្យកុមារជនជាតិដើមភាគតិច ឲ្យបានរៀនសូត្រតាមសាលារៀនប្រកបដោយប្រសិទ្ធភាព និងយល់ពីអ្វី ដែលគ្រូរបស់គេនិយាយក្នុងថ្នាក់រៀន»។
ផែនការសកម្មភាពជាតិនេះអនុវត្តរហូតដល់ចុងឆ្នាំ២០១៨ និងមានគោលបំណងបង្កើនចំនួនសាលាមត្តេយ្យអប់រំ ពហុភាសាឲ្យបាន ៨៨ភាគរយ (ឬ ៦៤ សាលាមត្តេយ្យ) និងសាលាបឋមសិក្សាពហុភាសាឲ្យបាន ១០០ ភាគរយ (ឬ ១០៨ សាលាបឋមសិក្សា)។
លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា បាននិយាយថា «ផែនការនេះបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យកុមារអាចរៀនសូត្របានប្រកបដោយសមធម៌ ដោយផ្តល់ឲ្យពួកគេ នូវការអប់រំ ដែលត្រូវបានរៀបចំស្របទៅតាមតម្រូវការរបស់កុមារជនជាតិដើមភាគតិច។ ជំហានសំខាន់បន្ទាប់គឺត្រូវធានាយ៉ាងណា ថារាជរដ្ឋាភិបាលធ្វើការវិភាជន៍ថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីពង្រីកកម្មវិធីអប់រំពហុភាសានេះប្រកបដោយចីរភាព។ ស្របពេលដែល ការគ្របដណ្តប់នៃកម្មវិធីនេះមិនទាន់សមស្របទៅតាមទំហំនៃតម្រូវការនៃការអប់រំពហុភាសាដោយសារធនធានមានកំណត់ ការដាក់ចេញនូវផែនការជាតិនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយ ដើម្បីឈានទៅពង្រីកការអប់រំប្រភេទនេះបន្ថែមទៀត»។
ជាមួយការគាំទ្រពីយូនីសេហ្វ និង អង្គការឃែរ បច្ចុប្បន្ននេះកម្មវិធីអប់រំពហុភាសា ត្រូវបានអនុវត្តក្នុងខេត្តចំនួន៥ សម្រាប់សិស្ស មត្តេយ្យសិក្សា និង ក្នុងខេត្តចំនួន៤ សម្រាប់សិស្សនៅបឋមសិក្សា។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានកុមារជាង ៥៥០០នាក់ កំពុងរៀនសូត្រនៅតាមសាលាមត្តេយ្យ និងសាលាបឋមសិក្សា ដែលអនុវត្តកម្មវិធីអប់រំពហុភាសា ដោយប្រើប្រាស់ភាសាជនជាតិដើម ភាគតិចចំនួន៥គឺ ព្រៅ ទំពួន គ្រឹង កាវ៉ែត និងព្នង។ កន្លងមក មានគ្រូបង្រៀនចំនួន១៥០នាក់ បានទទួលការបណ្តុះបណ្តាល ពេញលេញ អំពីការអប់រំពហុភាសា។
លោកស្រី ចូអាន ហ៊ែ្វលី ប្រធានអង្គការឃែរប្រចាំប្រទេសកម្ពុជា បានអបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ដោយសារប្រទេស កម្ពុជាជាប្រទេសទីមួយក្នុងតំបន់ ដែលបានប្រកាសផ្សព្វផ្សាយដាក់ឲ្យអនុវត្តផែនការសកម្មភាពស្តីពីការអប់រំពហុភាសាបែបនេះ។
លោកស្រីបានមានប្រសាសន៍ថា «ការប្រកាសដាក់ឲ្យអនុវត្តផែនការសកម្មភាពជាតិ នេះ គឺជាឧទាហរណ៍ ដ៏វិសេសវិសាលមួយ បង្ហាញពីអត្ថប្រយោជន៍នៃភាពជាដៃគូរយៈពេលវែង។ កិច្ចសហការជាច្រើនឆ្នាំរវាងអ្នកពាក់ព័ន្ធទាំងអស់ក្រោមកិច្ចដឹកនាំរបស់ ក្រសួងនិងការគាំទ្រពីអង្គការឃែរនិងយូនីសេហ្វ បាននាំឲ្យមានការរៀបចំផែនការច្បាស់លាស់មួយ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ ទូលំទូលាយដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច។ ខណៈពេលដែលការអប់រំពហុភាសាកំពុងឈានទៅដល់ ដំណាក់កាលបន្ទាប់ យើងសង្ឃឹមថានឹងបន្តភាពជាដៃគូប្រកបដោយផ្លែផ្កានេះ ក៏ដូចជាស្វែងរកនូវ ឳកាសនាពេលអនាគត ដើម្បីបង្កើនលទ្ធផលនៃការអប់រំពហុភាសានេះបន្ថែមទៀត»។
មានការប៉ាន់ប្រមាណថា ប្រជាជន ៦៤ភាគរយក្នុងខេត្តរតនគិរី និង ៥៨ភាគរយក្នុងខេត្តមណ្ឌលគិរី ជាជនជាតិដើមភាគតិច។ បើតាមជំរឿនឆ្នាំ២០០៨ មានកុមារដែលមានភាសាកំណើតមិនមែនជាភាសាខ្មែរ ចំនួន ៤១ភាគរយ មិនដែលបានចូលរៀនសោះ ក្នុងឆ្នាំនោះ។
ការសិក្សានានាបានបង្ហាញថា កុមារងាយស្រួលរៀនភាសាទីពីរជាង ប្រសិនបើពួកគេចាប់ផ្តើមរៀនសូត្រ ដោយប្រើប្រាស់ភាសាកំ ណើតរបស់ពួកគេ។ កុមារដែលរៀននៅសាលាដោយប្រើភាសា ដែលមិនមែនជាភាសាប្រើប្រាស់នៅផ្ទះខ្លួនច្រើន រៀនមិនពូកែ និងមិនសូវទទួលបានឳកាសពីការអប់រំ។ ការពង្រីកការអប់រំពហុភាសានេះ នឹងផ្តល់លទ្ធភាពឲ្យកុមារកាន់តែច្រើនមកពីតាម សហគមន៍ ជនជាតិដើមភាគតិចនានា អាចចាប់ផ្តើមការអប់រំកម្រិតមត្តេយ្យ និងបឋមសិក្សារបស់ខ្លួន ដោយប្រើប្រាស់ភាសាកំណើត របស់ពួកគេ ហើយជាបណ្តើរៗ ពួកគេចាប់ផ្តើមរៀនភាសាខ្មែរ ដែលជាភាសារបស់ជាតិ រហូតដល់ពួកគេមានទំនុកចិត្តអាចរៀនសូត្រ ដោយប្រើភាសាខ្មែរពេញលេញ នៅពេលពួកគេឡើងទៅរៀននៅថ្នាក់ខ្ពស់ៗបន្តទៀត៕