(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងបិទបញ្ចប់បញ្ហាខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ទាំងស្រុង នៅឆ្នាំចន្លោះឆ្នាំ២០២៣-២០២៥ ពេលដែលរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែងថ្មីទៀត បើកដំណើរការ ក្នុងចន្លោះឆ្នាំ២០២៣-២០២៥។

លោកអគ្គនាយកថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់អង្គភាពព័ត៌មាន Fresh News លើប្រធានបទ «ដំណោះស្រាយលើការខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងរដូវប្រាំង»។

លោកបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូរច្បាស់លាស់ និងមានផែនការសម្រាប់សេចក្ដីប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានផែនការមេរយៈពេលវែង ដោយបានសហការជាមួយដៃគូអភិវឌ្ឍន៍ រកទុនវិនិយោគក្នុងការសាងសង់រោងចក្រផងដែរ។

លោកបញ្ជាក់ទៀតថា សម្រាប់ការរកទុនវិនិយោគក្នុងការសាងសង់រោងចក្រថ្មីៗនេះ ទើបតែបានបើកសម្ពោធការដ្ឋានសាងសង់រោងចក្រទឹកស្អាតនៅបាក់ខែង ហើយគម្រោងនេះមាន២ជំហាន ក្នុងនោះមានការបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២មួយជំហាន និងនៅពាក់កណ្ដាលឆ្នាំ២០២៣ មួយជំហានទៀតដែរ។

គម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទាំង២ជំហាន នឹងប្រើប្រាស់ថវិកាវិនិយោគរហូតដល់ ៣៨១.៤លានដុល្លាអាមេរិក ហើយសមត្ថភាពផលិតនឹងឡើងដល់ ៣៩០ពាន់ម៉ែត្រគូប/ក្នុងមួយថ្ងៃ នៅចុងឆ្នាំ២០២៣ ដែលនេះ គឺជាសមត្ថភាពមួយខ្ពស់ជាប្រវត្តិសាស្ត្រ។

ក្រោយពីបញ្ចប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបន្ថែមចំនួន ១ ០៤០ ០០០នាក់ និងមានសមត្ថភាពផលិតទឹកស្អាតសរុបចំនួន ១លានម៉ែត្រគូប/ថ្ងៃ។

លោកបន្តថា ក្រៅពីការដ្ឋានសាងសង់រោងចក្រទឹកស្អាតនៅបាក់ខែង រដ្ឋាករទឹកក៏គ្រោងដាក់បំពង់ចែកចាយទឹកទៅជាយៗក្រុងប្រមាណជាង ១,៥០០គីឡូម៉ែត្រ បើគិតចាប់ពីឆ្នាំនេះទៅដល់ឆ្នាំ២០២៥។

លោក ស៉ឹម ស៉ីថា បានបញ្ជាក់ថា ក្រៅពីសាងសង់រោងចក្រផលិតទឹកស្អាតនៅបាខែងហើយនោះ រដ្ឋាករទឹកក៏កំពុងរៀបចំដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតចំនួនពីរទៀត ដែលមួយនៅក្រុងតាខ្មៅ ខេត្តកណ្តាល គម្រោងចំណាយទឹកប្រាក់៣០លានដុល្លារ ក្រោមហរិញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន និងមួយទៀត នៅបឹងធំ ជិតទំបន់៧មករា ភាគខាងលិខរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលឆែក។ រោងចក្រថ្មីទាំង២នាក់ នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២១នេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។

លោកបន្ថែមថា ដូច្នេះនៅចន្លោះឆ្នាំ២០២៣ ទៅឆ្នាំ២០២៥ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចដោះស្រាយនូវកង្វល់ខ្វះខាតទឹក ជូនប្រជាពលរដ្ឋ និងមួយវិញទៀតក៏អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យបានទឹកស្អាតប្រើប្រាស់ ១០០ភាគរយ នៅឆ្នាំ២០២៥ខាងមុខ។

លោកអគ្គនាយកបានលើកឡើងថា កត្តាខ្វះខាតទឹកនាពេលកន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដោះស្រាយជាបន្តបន្ទាប់ តែទោះជាយ៉ាងណាឃើញថា នៅរដូវប្រាំងនេះ ក៏ប្រឈមនឹងការខ្វះខាត់ទឹកស្អាតសម្រាប់ប្រើប្រាស់ទៀត ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលនៅតំបន់ក្នុងក្រុង ជួយសន្សំសំចៃទឹក ដើម្បីឲ្យអ្នកនៅតំបន់ជាយក្រុង អាចទទួលទឹកសម្រាប់ប្រើប្រាស់បានផងដែរ។

លោកបានរំលឹងថា ក្នុងបញ្ហាខ្វះខាតទឹកនៅរដូវប្រាំងនេះវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានរៀបចំត្រៀមសម្រាប់ប្រជាពលរដ្ឋនូវបំពង់ទឹករួម នៅជាយក្រុងចំនួន ១៦ទីតាំង និងតាមបណ្តាបំពង់ទឹកសម្រាប់ពន្លត់អគ្គិភ័យ ក៏អាចប្រើប្រាស់បានដែរ និងក្រៅពីនេះ មានការដឹកទឹកជូនប្រជាពលរដ្ឋនៅតំបន់ ដែលខ្វះខាតផ្សេងទៀត ហើយចែកជូនទឹកនេះ គឺមិនបានគិតថ្លៃនោះទេ៕