(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានថ្លែងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវតែដើទន្ទឹមគ្នា ទើបធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន។
ក្នុងពិធីសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តធុតង្គារាម ហៅវត្តព្រៃតាស្មូន ស្ថិតក្នុងឃុំជាច ស្រុក កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ លោក វង សូត បានថ្លែងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលកម្ពុជាមានជំនឿជឿជាក់ និង គោរពប្រ ណិប័តន៍ ហើយបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អ។
លោករដ្ឋមន្រ្តី បានបន្តទៀត ជាក់ស្តែងវត្តធុតង្គារាម ហៅវត្តព្រៃតាស្មូន ស្ថិតក្នុងឃុំជាចនេះ ក្នុងសម័យ ប៉ុល ពត ត្រូវបានពួកវាបំផ្លិចបំផ្លាញស្ទើរគ្មានសល់អ្វីនោះឡើយ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានចាប់ផ្តើមកសាងជាបណ្តើរៗ ហើយចុងក្រោយនេះមានសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តើមកសាងសមិទ្ធផលនានាឡើងវិញ ក្នុងនោះសម្រាប់ព្រះវិហារ ដែលបានសម្ភោធឆ្លងនៅក្នុងថ្ងៃនេះ បានចំណាយថវិកាអស់ជាង ៥រយលានរៀល ក្នុងនោះផងដែរ។ លោកបានឧបត្ថម្ភថវិកាជិត ៤០លានរៀលបន្ថែមទៀត ដើម្បីជួយដល់ការកសាងសមិទ្ធផលផ្សេងៗ នៅក្នុងមូលដ្ឋាននេះផងដែរ។
លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា សម្រាប់សមិទ្ធផល ដែលបានកើតឡើងជាហូរនៅតាមមូលដ្ឋាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានជំរុញការអភិវឌ្ឍជាហូរហែ មិនថា វិស័យអាណាចក្រ ឬពុទ្ធចក្រនោះឡើយ ព្រោះវិស័យទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នា ទើបជំរុញឲ្យប្រទេសជាតិមានការរីចម្រើន៕