(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឧបាសិកា វ៉ា សាលីម ត្រូវជាភរិយា ឯកឧត្ដម ឈា សុង អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ នៅវេលាម៉ោង ១១:១០នាទីថ្ងៃត្រង់ ក្នុងជុន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។

ការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ឲ្យមន្ត្រីក្រោមឱវាទទៅចូលរួមបុណ្យ និងនាំយកបច្ច័យមួយចំនួនចូលបុណ្យដល់ក្រុមគ្រួសារសព។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុក្ខមរណភាពរបស់ឧបាសិកា វ៉ា សាលីម គឺជាការសោកស្ដាយមួយ និងជាការបាត់បង់មាតា និងជីដូនដ៏ល្អមួយរូបប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីគោរពស្រឡាញ់របស់កូនចៅ និងក្រុមគ្រួសារទាំងអស់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសព ឧបាសិកា វ៉ា សាលីម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សពឧបាសិកា វ៉ា សាលីម បានទទួលមរណភាព កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះនៅវេលាម៉ោង ១១:១០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ ពិធីបុណ្យសពរៀបចំធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់នៅវត្តទឹកថ្លា រាជធានីភ្នំពេញ៕