(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចូលរួមរំលែកទុក្ខ ចំពោះមរណភាព លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ដ្រ និងវិទ្យាសាស្ដ្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាទីប្រឹក្សាសហព័ន្ធកីឡាវាយសីកម្ពុជា ដែលបានស្លាប់ដោយជំងឺកូវីដ១៩។

តាមរយៈបណ្តាញព័ត៌មាន Fresh News លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «ខ្ញុំសូមសម្ដែងនូវសេចក្ដីក្តុកក្ដួល និងសោកស្ដាយអាឡោះអាល័យយ៉ាងខ្លាំងចំពោះមរណភាព លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ដ្រ និងវិទ្យាសាស្ដ្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាទីប្រឹក្សាសហព័ន្ធកីឡាវាយសីកម្ពុជា ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត»។

សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩

* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕