(ក្រចេះ)៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមេក្លោងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយដកហូតបានថ្នាំញៀនចំនួន ៨កញ្ចប់ធំ ព្រមទាំងសម្ភារមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនាព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចលើផ្លូវលំទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

បើតាមស្រុកស្នួល បានបបញ្ជាក់ថា ជនសង្ស័យខាងលើមានឈ្មោះ ឈាន ប៊ុនណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងប្រតិបត្តការបង្រ្កាបនេះកម្លាំងនគរបាលជំនាញ បានរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ០៨កញ្ចប់, បំពង់កែវកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០១, ប្រអប់ជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន០១, ថង់ខ្មៅសម្រាប់ច្រកសម្ភារះចំនួន០១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ទូរស័ព្ទម៉ាក VIVO ពណ៌ខ្មៅចំនួន០១គ្រឿង និងម៉ូតូម៉ាកយ៉ាម៉ាហាអិចសៃទ័រ Yamaha Exciter ពណ៌ខៀវ បិតស្គុតពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ០១គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញរបស់ខេត្ត៕