(ភ្នំពេញ)៖ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារជាទង្វើខុសច្បាប់ ហើយក៏ជាក្តីបារម្ភមួយនៅក្នុងសង្គមកម្ពុជា ដែលគេកំពុងរួមគ្នាដើម្បីទប់ស្កាត់ផងដែរ។ អង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា Aple បានផលិតវីដេអូមួយបង្ហាញពីបទពិសោធន៍របស់យុវតី ដែលរងការចាញ់បោក និងរងការកេងប្រវ័ញ្ចផ្លូវភេទតាមបណ្តាញអ៉ីនធើណេត។

ក្នុងវីដេអូនេះ អង្គការ Aple បានលើកបង្ហាញពីជីវិតយុវតីមួយរូប ដែលបានស្គាល់បុរសម្នាក់តាម Facebook ហើយរូបនាងត្រូវបានបុរសនោះ លួងលោមឱ្យថតទីអាថ៌កំបាំងនៃរូបរាងកាយ។ ដោយសារការទុកចិត្តចំពោះបុរសនោះ រូបនាងក៏ថត និងផ្ញើជូន បន្ទាប់មករូបថតទាំងនេះ ត្រូវបានបុរសរូបនោះយកទៅគំរាមកំហេងយកប្រាក់ពីនាងទៅវិញ។

អំពើឆបោកនេះ បានធ្វើឱ្យយុវតីរូបរងគ្រោះកើតវិប្បដិសារី រងការស្តីបន្ទោសពីគ្រួសារជាដើម។ ទង្វើនេះជាទង្វើផ្ទុយនឹងច្បាប់ ដែលអាណាព្យាបាល ឬប្រជាពលរដ្ឋដឹងរឿងអាចរាយការណ៍ ដើម្បីជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងចាប់ជនល្មើសមកទទួលទោស។

អាណាព្យាបាល ឬប្រជាពលរដ្ឋ ដែលបានដឹងព័ត៌មានពីការកេងប្រវ័ញ្ចផ្លូវភេទបែបនេះ អាចរាយការណ៍ទៅកាន់អង្គការ Aple តាមទូរស័ព្ទលេខ ០៩២ ៣១១ ៥១១ ឬអាចរាយការណ៍តាមប្រព័ន្ធអនឡាញ ដោយធ្វើតាមវិធីដូចខាងក្រោម៖

១៖ ចូលទៅកាន់គេហទំព័រ internethotlinecambodia.org
២៖ ចុចលើប៊ូតុង Report Abuse
៣៖ ជ្រើសរើសទម្រង់នៃការរំលោភបំពាន និងបំពេញទម្រង់បានត្រឹមត្រូវ រួចចុចបញ្ជូនជាការស្រេច។

សូមបញ្ជាក់ថា រាល់សេចក្តីរាយការណ៍របស់អស់លោកអ្នកត្រូវបានរក្សាយ៉ាងសម្ងាត់បំផុត។

សូមទស្សនាវីដេអូខាងក្រោម បង្ហាញពីបទពិសោធន៍នៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ និងវីធីក្នុងការរាយការណ៍រកយុត្តិធម៌ជូនជនរងគ្រោះ៖