(ភ្នំពេញ)៖ បើយើងក្រឡេកទៅមើលទូរស័ព្ទទំនើបៗរបស់ក្រុមហ៊ុន Samsung បច្ចុប្បន្ននេះមានការវិវត្តយ៉ាងលឿន និងមានគំនិត ច្នៃប្រឌិតថ្មីៗដែលធ្វើឲ្យអតិថិជនពេញចិត្តគ្រប់ៗគ្នា ហើយអ្វីដែលគួរកត់សម្គាល់នោះគឺគ្រួសាររបស់ Galaxy S ពីមួយជំនាន់ ទៅមួយជំនាន់មាន រូបរាង និងមុខងារកាន់តែពិសេស និងអស្ចារ្យបំផុត។
កាលពីឆ្នាំ ២០១១, Samsung បានផលិត Galaxy S ជាលើកដំបូង ដែលមានអេក្រង់ ៤អ៊ីង អង្គចងចាំ 16 GB កាមេរ៉ាខាងក្រោយមានទំហំ ៥មេហ្គាភិចសែល និងថាមពលថ្មអាចប្រើបានដល់ទៅ ១៣ម៉ោង ៥០នាទី។ នៅឆ្នាំ២០១១, Samsung បានបញ្ចេញសមាជិកគ្រួសារថ្មីរបស់ Galaxy S គឺ Samsung Galaxy S2 ដែលមានអេក្រង់ 4.3-inch កម្រាស់ 8.49mm និងមានទម្ងន់ ១១៦ក្រាម ចំណែកឯកាមេរ៉ាក្រោយមានទំហំ ៨មេហ្កាភិចសែល រួមជាមួយ LED flash និងកាមេរ៉ាមុខ ២មេហ្កាភិចសែល។
នៅក្នុងឆ្នាំ ២០១២ សមាជិកគ្រួសារថ្មីមួយទៀតរបស់ Galaxy S បានបង្ហាញរូបរាងដែលគួរអោយទាក់ទាញមកលើ ទីផ្សារនៃបណ្តាប្រទេសនានារួមទាំងកម្ពុជាផងដែរ។ Samsung Galaxy S3 មានទំហំកាន់តែធំជាង S និង S2 គឺមានទំហំ 4.8-inch ថាមពលថ្មរបស់ទូរស័ព្ទទំនើបនេះកាន់បានយូរដែលអាចនិយាយបានដល់ទៅជាង ២១ម៉ោង ថែមទាំងមានពណ៌ច្រើនសម្រាប់តម្រូវតាមចិត្តរបស់អតិថិជន។
នៅខែមីនា ឆ្នាំ ២០១៣ ទូរស័ព្ទដៃទំនើប Samsung Galaxy S4 បានសម្ពោធជាផ្លូវការ ដែលមានកាមេរ៉ាក្រោយ ១៣មេហ្កាភិចសែល អេក្រង់ទំហំ 5 inch Full HD និងថាមពលថ្ម 2,600 mAh។
Samsung តែងតែរកនូវអ្វីដែលថ្មីដើម្បីបម្រើដល់សេចក្តីត្រូវការរបស់អតិថិជន។ បន្ទាប់ពី Galaxy S4 Samsung បាន បញ្ចេញទូរស័ព្ទស៊េរីថ្មី មួយទៀតនៅ ក្នុង ឆ្នាំ២០១៤ គឺ Samsung Galaxy S5 ដែលមានអេក្រង់ទំហំ 5.10-inch touch screen។ សម្រាប់កន្លែងផ្ទុកឯកសារមានដល់ទៅ 16GB និងអាចបន្ថែមរហូតដល់ទៅ 128GB តាមរយៈ microSD card។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុងឆ្នាំ២០១៥, Samsung បានបញ្ចេញ ទូរស័ព្ទទំនើបដែលមាន រូបរាងថ្មី ប្លែក។ Samsung បានចេញទូរស័ព្ទ Galaxy S ពីរម៉ូដែលគឺ Galaxy S6 និង Galaxy S6 edge ដែលមាន រូបរាងកាន់តែស្អាតកាន់តែទាក់ទាញ ជាពិសេស Galaxy S6 edge ដែលមានកញ្ចក់កោងខុសពីសមាជិក Galaxy S ដទៃៗទៀត។ អេក្រង់របស់វាមានទំហំ 5.1-inch មាន RAM 3 GB និងកន្លែង ផ្ទុកឯកសារ 128 GB។
នៅឆ្នាំ២០១៦ នេះ ទូរស័ព្ទស៊េរីថ្មីរបស់ Samsung គឺ Galaxy S7 ត្រូវបានបង្ហាញនៅក្នុងកម្មវិធីទូរស័ព្ទពិភពលោក កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ កាមេរ៉ារបស់Samsung Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាពកាន់តែភ្លឺច្បាស់ទោះជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។ ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel មានLens ធំជាងមុន មាន aperture និងភិចសែលកាន់តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យករូបភាពក្នុងទីងងឹតបានច្បាស់ហើយលឿនជាងមុន។ ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5,1អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ 5,5អ៊ីន។ ទូរស័ព្ទទាំងពីរនេះត្រូវបានផលិតចេញពីកញ្ចក់ 3D និងលោហធាតុដែលភ្លឺរលោង ហើយរឹងមាំព្រមទាំងមានគែមកោងសងខាងងាយស្រួលកាន់ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូលដែលមិនបានលើក និងសារផ្សេងៗបានគ្រប់ពេល ទោះអ្នកមិនប្រើម្រាមដៃប៉ះទូរស័ព្ទក៏ដោយ។ ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារការជ្រាបទឹកដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវ shortcut ដែលលោកអ្នកអាចប្រើអ៊ីម៉ែល ថត Selfie ថតpanorama និងប្រើកម្មវីធីផ្សេងៗបានយ៉ាងសាមញ្ញភ្លាមៗ។ Samsung Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះ ទៀត វាមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើ ស៊ីមតែមួយ។
ទូរស័ព្ទ Galaxy S7 និង Galaxy S7 edge នឹងមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជានៅពាក់កណ្តាលខែមីនា ឆ្នាំ2016នេះ៕