(ភ្នំពេញ)៖ ដោយសារការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ទើបក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ចាប់ពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

ស្ថិតក្នុងបរិបទនៃការផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ដែលតម្រូវឲ្យសិស្សានុសិស្សត្រូវធ្វើការសិក្សាពីចម្ងាយ ឬតាមអនឡាញនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា សូមអនុញ្ញាតគោរពផ្ញើសារ៥ចំណុច ជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងសិស្សានុសិស្ស៖

១៖ ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវមាតាបិតា មេត្តាបន្តជួយដំណើរការរៀនសូត្រតាមអនឡាញ ការអាន និងគ្រប់ទម្រង់នៃការអប់រំតាមគន្លងថ្មីនៃវិស័យអប់រំ។ ជាក់ស្តែង មាតាបិតាគួរចំណាយពេលនៅផ្ទះក្បែរកូន ដើម្បីអានឲ្យកូនស្តាប់ និងឲ្យកូនអានឲ្យស្តាប់វិញ ដោយជ្រើសរើសសៀវភៅអាន ឬខ្លឹមសារឌីជីថលដែលកូនចូលចិត្តអាន បន្ថែមពីសៀវភៅមេរៀនជាដើម។

២៖ សូមមាតាបិតាឲ្យកូននៅផ្ទះរៀនសូត្រ កម្សាន្ត គូររូប ហាត់ប្រាណ ធ្វើកិច្ចការផ្ទះទៅតាមលទ្ធភាព តែសូមកុំឲ្យកូនចេញទៅក្រៅផ្ទះធ្វើកិច្ចការផ្សេងដែលមិនចាំបាច់។

៣៖ សូមប្អូនៗសិស្សានុសិស្សញាំឲ្យគ្រប់ គេងឲ្យគ្រាន់។

៤៖ ខ្ញុំសូមឲ្យយើងទាំងអស់គ្នា បន្តមានចិត្តអាណិតខ្លួនឯង និងអាណិតគ្រូពេទ្យដោយគិតថា «គុណជាតិជីវិត អាណិតខ្លួនពេទ្យ» គឺបន្តមានគុណជាតិសម្រាប់បន្តចូលរួមប្រតិបត្តិ «៣ការពារ និង៣កុំ» ដើម្បីរក្សាសុខភាពនិងជីវិត។ គុណជាតិ បី យ៉ាង គឺ សីល សមាធិ និងបញ្ញា៖
* សីល៖ ញ៉ាំងកាយ វាចាឲ្យបរិសុទ្ធ (ក្នុងការស្តាប់ និង អនុវត្តវិធានការសុវត្ថិភាពសុខភាពមានជាធរមាន)
* សមាធិ៖ ញ៉ាំងចិត្តឲ្យស្ងប់ (ទោះមាន រឺគ្មានផ្ទុកកូវីដ-១៩)
* បញ្ញា៖ នាំឲ្យស្គាល់ខុសត្រូវ, ឲ្យស្គាល់ការណ៍ពិត។

៥៖ ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុត។

ចំពោះមុខនេះ សិស្សានុសិស្សអាចបន្តរៀនសូត្រតាមផ្ទះរៀងៗខ្លួន នៅទូទាំង២៥ខេត្ត រាជធានី តាមរយៈវេទិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
១. មជ្ឈមណ្ឌលសិក្សាតាមរយ:អេឡិចត្រូនិច elearning.moeys.gov.kh
២. បណ្តាញ Youtube ផ្លូវការ youtube.com/moeyscambodia
៣. ហ្វេសប៊ុកផ្លូវការ facebook.com/moeys.gov.kh
៤. ការអប់រំកុមារតូច youtube.com/eccdcambodia

ក្រៅពីនេះ សិស្សានុសិស្សក៏អាចរៀនសូត្រតាមរយៈ៖
* ប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី "ទទក២" របស់ក្រសួងព័ត៌មាន
* Appក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
* Appសហភាពសហព័ន្ធយុវជនកម្ពុជា
* Appវិស័យឯកជននានា

កិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើរតួនាទីសំខាន់មួយ ក្នុងការលើកកម្ពស់ការផ្តល់សេវាសិក្សាពីចម្ងាយ ដែលក្រសួងអប់រំ យុវជន និងកីឡា បង្វែបញ្ហាប្រឈមដោយសារកូវីដ-១៩ ឲ្យក្លាយជាឱកាសពង្រឹងការអប់រំបែបឌីជីថល ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣៕