(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីគ្រប់គ្រង និងចាត់ចែងលើការងារចាក់វ៉ាក់សាំងនៅតាមអង្គភាពចំណុះក្រសួងយុត្តិធម៌ និងនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។

អនុគណៈកម្មការនេះ មានលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ ជាប្រធាន អមដោយអនុប្រធាន៤រូប រួមមាន៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។

អនុគណៈកម្មការនេះ មានសមាជិកចំនួន ១៥រូបផ្សេងទៀត ជាមន្ត្រីមកស្ថាប័នចំណុះឱ្យក្រសួងយុត្តិធម៌។

អនុគណៈកម្មការនេះមានភារកិច្ចដូចខាងក្រោម៖

១៖ ស្រង់ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូដ-១៩ នៅតាមអង្គភាពចំណុះក្រសួងយុត្តិធម៌ និងនៅតាម សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់
២៖ សហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បី សម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់

៣៖ សម្របសម្រួលការងារប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង យុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការនៃសាលាជម្រះក្ដី គ្រប់ជាន់ថ្នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ដោយអនុលោមតាមការសម្រេចរបស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

៤៖ រៀបចំរបាយការណ៍ និងរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អំពីកិច្ចការចាក់វ៉ាក់សាំង និងកិច្ចការពាក់ព័ន្ធផ្សេងទៀត

៥៖ តាមដាន និងរាយការណ៍ជាប្រចាំថ្ងៃអំពីវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឱ្យបានទៀងទាត់

៦៖ បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕