(ភ្នំពេញ)៖ ក្រោយពីការចុះផ្សាយព័ត៌មានស្តីអំពីអសន្តិសុខនៅភូមិគោកឃ្លៀង និងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសំបូរទៅដោយអំពើចោរកម្ម បង្កពីសំណាក់ក្រុមក្មេងទំនើងប៉ុន្មាននាក់នោះ ពេញមួយព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អមដោយអភិបាលខណ្ឌសែនសុខ លោក លី សាវេត និងអធិការនគរបាលខណ្ឌ លោក ម៉ក់ ហុង បានចុះទៅធ្វើវេទិកាសាធារណៈនៅទីនោះតែម្តង ដើម្បីស្តាប់ផ្ទាល់ នូវការលើកឡើងជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
នៅចំពោះមុខប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានប្រមាណ២០០នាក់ នៅក្នុងវេទិកាសាធារណៈ ស្ថិតនៅចំណុចចេតីយ៍ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបង្ហាញការប្តជ្ញា ចិត្តយ៉ាងមុតមាំលើការពង្រឹងបញ្ហាសន្តិសុខ និងទប់ស្កាត់បញ្ហាបទល្មើសនានាដែល កើតឡើងនាពេលខាងមុខទៀតជូនប្រជាពលរដ្ឋនៅតំបន់នោះ។ តាមរយៈការពង្រឹងបញ្ហាសន្តិសុខ ជូនប្រជាពលរដ្ឋនៅតំបន់នោះ នាយឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការឲ្យអធិការនគរបាលខណ្ឌ ត្រូវបង្កើនកម្លាំងនគរបាល សហការជាមួយប្រជាការពារ និងអនុភូមិ តាមរយៈការបង្កើតប៉ុស្តិ៍យាមកាម ដើម្បីល្បាតប្រចាំការនៅពេលយប់ និងពេលថ្ងៃ គោលបំណងបង្កើនការងារសុវត្ថិភាព សណ្តាប់ធ្នាប់ និងបញ្ហាអសកម្មផ្សេងៗដែលអាចកើតមានឡើង។
តាមរយៈវេទិកាសាធារណៈដែលធ្វើឡើងតាំងពីព្រឹករហូតដល់ម៉ោង១១៖៣០នាទីនោះ នាយឧត្តមសេនីយ៍ស្នងការ ក៏បានព្រមានសារជាថ្មី ដកមេប៉ុស្តិ៍ស្តីទីបើសិនធ្វើការទប់ស្កាត់ បទល្មើសទាំងនេះមិនបាន ដោយទុកឲ្យកម្លាំងសមត្ថកិច្ចពីខាងលើ ចុះទៅបង្ក្រាបបទល្មើស នៅក្នុងទឹកដីរបស់ខ្លួនចំនួន២ដងនោះ។ សម្រាប់មេប៉ុស្តិ៍ស្តីទី ក៏ត្រូវបានលោកស្នងការ ប្រកាសនៅចំពោះមុខប្រជាពលរដ្ឋថា មិនឲ្យឡើងដំណែងជាមេប៉ុស្តិ៍នោះទេ ដរាបណា ការពារសន្តិសុខនៅក្នុងមូលដ្ឋានមិនទាន់មានប្រសិទ្ធភាពនៅឡើយនោះ។ សម្រាប់វេទិកាសាធារណៈខាងលើនេះ ប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងនូវបញ្ហាទាំងនេះ ជូនថ្នាក់ដឹកនាំជាបន្តបន្ទាប់ថា ពិតជាបានកើតឡើងមែន ដែលត្រូវចាត់វិធានការយ៉ាងមានប្រសិទ្ធភាពជាទីបំផុត។ សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលនាយឧត្តមស្នងការរាជធានីភ្នំពេញ ចូលរួមជាវាគ្មិនក្នុងវេទិកាសាធារណៈស្តីពីភូមិ សង្កាត់មានសុវត្ថិភាព ហើយបានថ្លែងព្រមានចំៗថា «ប្រសិនបើសមត្ថកិច្ចពីថ្នាក់ក្រុង ឫថ្នាក់ក្រសួង ចុះមកចាប់បង្ក្រាបបទល្មើស ក្នុងទឹកដីខ្លួនគ្រប់គ្រងចំនួន២លើក ហើយមេប៉ុស្តិ៍មិនដឹង ខ្ញុំនឹងដកមេប៉ុស្តិ៍នោះភ្លាម»។ ដោយឡែកលោកអធិការខណ្ឌក៏ដូចគ្នា បើដកមេប៉ុស្តិ៍អស់ចំនួន២នាក់ អធិការនោះប្រញ៉ាប់ជំរាបលាជាពលរដ្ឋទៅ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ទៀតថា «បញ្ហាចំនួន៣ នគរបាលរបស់យើងចាំបាច់ ត្រូវអនុវត្ត ដើម្បីបំរើជូនប្រជាពលរដ្ឋនោះ គឺផ្តល់សេវាតម្រូវការ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ប្រភពគ្រឿងញៀន និងអ្នកសេពថ្នាំញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះនៅក្នុងភូមិឥឡូវមានផ្លូវល្អៗ ដូច្នេះខ្លះបើករថយន្ត និងជិះម៉ូតូលឿន។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានដាក់បទបញ្ជាដល់លោក ម៉ក់ ហុង ត្រូវចាត់វិធានការជាបន្ទាន់លើក្រុមក្មេងទំនើងទាំងអស់នេះ ដោយរៀបចំផែនការឲ្យបានជាក់លាក់ដោយដាក់កន្លែងភូមិគោកឃ្លៀង ជាតំបន់ស្មុគស្មាញ កុំទុកឲ្យក្មេងទំនើង៤ទៅ៥នាក់ បង្កការអុកឡុកស្រួលៗយ៉ាងដូច្នេះ។
លោក លី សាវេត អភិបាលខណ្ឌសែនសុខ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា នៅមុនថ្ងៃចូលឆ្នាំខ្មែរនេះ លោកនឹងរៀបចំការដាក់ប្រព័ន្ធភ្លើងបំភ្លឺ ផ្លូវនៅពេលយប់ដើម្បីជួយកាត់បន្ថយបទល្មើសទាំងនេះ។ សូមបញ្ជាក់ថា នៅភូមិគោកឃ្លៀង និងភូមិដំណាក់ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចាត់ទុកថា មានភាពអសន្តិសុខ យ៉ាងខ្លាំងដោយសារតែមានក្រុមចោរពេលរាត្រី ធ្វើសកម្មភាពមួយចំនួន ដូចជា លួចម៉ូតូ លួចធុងទឹកកក លួចគាស់ផ្ទះ និងបង្កអំពើហិង្សាជាដើម៕