(ភ្នំពេញ)៖ លោក ស្រី ចន្ធូ និងក្រុមគ្រួសារនៃក្រុមហ៊ុន 7NG នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ នាពេលកន្លងមក។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងភរិយា។
សមាគមនេះ បានចុះធ្វើសកម្មភាពមនុស្សធម៌នៅតាមសហគមន៍នានាទូទាំង ២៥រាជធានី-ខេត្ត ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាព សាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។
ខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ១៩ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចូលរួមយ៉ាងសកម្មក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ១៩ ទៅកាន់មន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ៧៨១នាក់ ស្លាប់ចំនួន ៣នាក់ និង ២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕