(សៀមរាប)៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់បន្ថែមទៀតនៅក្នុងខេត្តសៀមរាប។ លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា អ្នកជំងឺទាំងពីររូបនេះ គឺជាប្រពន្ធ និងកូន របស់បុរសឈ្មោះ អ៉ឹង ឡាង ដែលគ្រូពេទ្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានប្រាប់ថា អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺឈ្មោះ អ៉ឺង ឡាង ចំនួន ២៤នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ដ។ លទ្ធផលក្នុងចំណោមពួកគេទាំងនោះ មានតែប្រពន្ធ និងកូនតែប៉ុណ្ណោះ ដែលរកឃើញថាបានឆ្លងជំងឺនេះ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្រុមគ្រូពេទ្យនឹងចាប់ផ្តើមបន្តស្រាវជ្រាវអ្នកពាក់ព័ន្ធ ក៏ដូចជាទីតាំងមួយចំនួនទៀត ដែលស្រ្ដីជាប្រពន្ធ បានទៅក្នុងអំឡុងពេលមិនទាន់រកឃើញជំងឺនោះ។
គិតត្រឹមរសៀលថ្ងៃទី២២ ខែមីនា ខេត្តសៀមរាបរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់ហើយ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សូមបញ្ជាក់ថា ក្រោយការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ លោកអភិបាលខេត្តសៀមរាប ទៀ សីហា បានរៀបចំដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម និងស្គែន QR Code នៅព្រំប្រទល់ខេត្តកំពង់ធំ។ ថ្មីៗនេះទើបនឹងបង្កើតមួយកន្លែងទៀត នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យអ្នកដំណើរដែលឆ្លងកាត់ចូលខេត្តទេសចរណ៍មួយនេះ។
លើសពីនេះទៀត ក្រោយពីរកឃើញអ្នកកើតជំងឺកូវីដ១៩ លើបុរសម្នាក់នៅសង្កាត់គោកចក កាលពីថ្ងៃទី២០ ខែមីនា នោះ ថ្នាក់ដឹកនាំខេត្ត ក៏បញ្ជាឱ្យបិទសង្កាត់គោកចកផងដែរ ដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍។ ក្រៅពីសង្កាត់គោកចកកន្លែងព្យាបាលជំងឺចំនួន៤ និងទីតាំងមួយចំនួនទៀត ក៏បានបិទផងដែរ៕