(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ដ្រ និងវិទ្យាសាស្ដ្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាទីប្រឹក្សាសហព័ន្ធកីឡាវាយសីកម្ពុជា ដែលលោកបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃចន្ទនេះ។
ប្រធានសហព័ន្ធខាងលើ ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធ បានសម្ដែងនូវសេចក្ដីក្តុកក្ដួល និងសោកស្ដាយជាអនេកចំពោះមរណភាពរបស់សកម្មជន និងជាឥស្សរជនដ៏ឆ្នើមមួយរូបក្នុងវិស័យកីឡា និងចលនាអូឡាំពិក។ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត ស្ដើង ជា បានសោយសុខក្នុងសុគតិភពបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ឯក លី កុសល និងគ្រួសារ រួមទាំងសមាជិកប្រតិបត្តិសហព័ន្ធ ក៏បានចូលបច្ច័យចូលបុណ្យចំនួន ៥លានរៀល ចំពោះគ្រួសារសពផងដែរ។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ដិត ស្ដើង ជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយសារឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្សី)៕