(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកថា ចំពោះករណីសត្វស្លាបងាប់ជាបន្តបន្ទាប់ នៅតំបន់បឹងស្នេហ៍ទួលពាន់តាឡី ស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង ត្រូវបានមន្ត្រីបសុពេទ្យចុះយកសំណាក ដើម្បីត្រួតពិនិត្យមើលរកមូលហេតុអ្វី បណ្តាលឱ្យសត្វស្លាបទាំងនេះងាប់ ។
ការធ្វើបែបនេះធ្វើឡើងក្រោយមានករណីសត្វស្លាបជាច្រើនរយក្បាលដែលរស់នៅបឹងស្នេហ៍ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ដោយមិនដឹងពីមូលហេតុទេចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
តាមរយៈ Facebook រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មន្ត្រីបសុពេទ្យចុះយកសំណាក ដើម្បីត្រួតពិនិត្យមើល រកមូលហេតុអ្វី បណ្តាលឱ្យសត្វស្លាបបឹងស្នេហ៍ ខេត្តព្រៃវែងងាប់ ។ ហើយសូមរងចាំលទ្ធផល ធ្វើតេស្តសំណាក ២២/០៣/២០២១»។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា ចំពោះករណីសត្វស្លាបងាប់ជាបន្តបន្ទាប់នៅតំបន់បឹងស្នេហ៍ ទួលពាន់តាឡីនេះ គឺក្រុមការងារជំនាញមិនទាន់បញ្ជាក់ច្បាស់ពីមូលហេតុបាននោះទេ គឺរង់ចាំលទ្ធផលធ្វើសំណាកនៅថ្ងៃទី២៣ ខែមីនា ស្អែកនេះ។
ដោយឡែកលោក ពុធ បូ ប្រធានសហគមន៍បឹងស្នេហ៍ទួលពាន់តាឡី បានឱ្យដឹងថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះ ហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងប្រជាពលរដ្ឋដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យងនៅតាមវាលស្រែដែលសត្វទាំងអស់នេះ តែងតែទៅរកចំណីអាហារ។ សត្វទាំងនេះស៊ីរបស់ទាំងអស់នោះបណ្ដាលឱ្យពុលងាប់ និងមួយទៀត អាចមកពីអាកាសធាតុប្រែប្រួល (ក្តៅខ្លាំង)។
សូមបញ្ជាក់ថា តំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡីនេះ មានទំហំដីជាង ៨២ហិកតា ហើយមានសត្វជាច្រើនប្រភេទទកំពុងរស់នៅ និងបានទាក់ទាញអ្នកទេសចរទៅគយគន់សត្វស្លាបទាំងនោះផងដែរ។
នៅតំបន់ទួលពាន់តាឡីនេះ កាលពីមុន មិនសូវសម្បូរសត្វប៉ុន្មាននោះទេ គ្រាន់តែវាចេញចូលតែមិននៅជាប់ទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សត្វទៅរស់នៅជាប់។
សត្វស្លាបដែលមករស់នៅតំបន់អភិរក្សទួលពាន់តាឡី មានចំនួន ៦ប្រភេទដូចជា៖ ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វផ្សេងៗទៀត រាប់ពាន់រាប់ម៉ឺនក្បាល។ មិនតែប៉ុណ្ណោះនៅក្នុងទឹក និងដីសើមក៏មានសត្វ ពស់ អណ្ដើក ត្រី និងសត្វរស់នៅក្នុងទឹកជាច្រើនប្រភេទទៀតផង៕