(ភ្នំពេញ)៖ ម៉ាសចំនួន១០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ពិធីប្រគល់ និងទទួល បានធ្វើឡើង នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងលោកឧកញ៉ា ណុប ណារ៉ា ប្រធានក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង និងលោកជំទាវឧកញ៉ា ឃុន ស្រី។
លោក កើត ឆែ ក្នុងឱកាសនោះបានថ្លែងថា «ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង ដែលបានឧបត្ថម្ភម៉ាស ចំនួន ១០ម៉ឺនម៉ាស ជូនរដ្ឋបាលរាធានីភ្នំពេញ ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់កូវីដ-១៩»។
លោកបន្តថា កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌នេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
លោកថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះហានិភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩នេះ៕