(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញក្តីក្តុកក្តួល រន្ធត់ចិត្ត និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត ស្តើង ជា ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងសារលិខិតចូលរួមរួមរំលែកមរណទុក្ខ ដែល Fresh News ទទួលបាន លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ដូច្នេះ «យើងខ្ញុំទាំងអស់គ្នាជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងសុខាភិបាលទាំងអស់ មានក្ដីក្តុកក្តួល រន្ធត់ចិត្ត និងសោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងថា លោក សាស្ត្រាចារ្យ ស្ដើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូភីង នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានទទួលមរណភាព»។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានគូសរំលេចថា មរណភាពរបស់លោកសាស្ត្រាចារ្យ ស្ដើង ជា គឺជាការបាត់បង់នូវស្វាមី លោកឪពុក និងជីតា ដ៏ល្អមួយរូប ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និង ជាការបាត់បង់នូវ សាស្ត្រាចារ្យក្នុងវិស័យសុខាភិបាល ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មាតីក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងបានជួយពិនិត្យ ថែទាំ និងព្យាបាលជំងឺកុមារកន្លងមក។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងមន្ត្រីរាជការក្រសួងសុខាភិបាល បានបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ ស្ដើង ជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ស្តើង ជា វ័យ ៧៥ឆ្នាំ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីរូបលោកត្រូវបានរកឃើញមានជំងឺកូវីដ១៩នៅថ្ងៃទី២១ ខែមីនា។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត បានអាការៈរលាកសួតទាំងសងខាងធ្ងន់ធ្ងរ៕