(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ នៅច្រកអានសេះ ភ្នំទ្រព្យ និងតំបន់មួយចំនួនទៀត ជាមួយនឹងការសួរសុខទុក្ខសំណេះសំណាល និងចែកជូនថវិកា ម៉ាស់ ជាការលើកទឹកចិត្តដល់កងកម្លាំងដែលឈរជើងតាមព្រំដែន។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តព្រះវិហារ បានធ្វើការណែនាំ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឲ្យបានចំពោះបទល្មើសឆ្លងដែនខុសច្បាប់នានា ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់របស់ពលករ គឺមិនត្រូវឲ្យមានជាដាច់ខាត ដែលការទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់នេះ គឺក្នុងទិសដៅមិនឲ្យមានកាឆ្លងរីករាលនៃជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរលោក ប្រាក់ សុវណ្ណ ក៏បានអំពាវនាវឲ្យកងកម្លាំងដែលឈរជើងនៅតាមព្រំដែនទាំងអស់ ត្រូវរក្សាអនាម័យក្នុងការរស់នៅ ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីឲ្យមានសុខភាពល្អ។ ជាពិសេសត្រូវរក្សាអនាម័យដើម្បីការពារជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ សម្តេចតេជោហ៊ុន សែន គឺ «៣កុំនិង៣ការពារ» ដែលជាវិធានការដ៍មានប្រសិទ្ធិភាពខ្ពស់បំផុត៕