(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានថ្លែងថា ការវិនិយោគលើសមភាពយ៉េនឌ័រ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីបានថ្លែងដូច្នេះក្នុងពិធីអបអរសាទរខួបលើកទី១០៥ ទិវានៃនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ។
ពិធីអបអរសាទរទិវា នៃនារីអន្តរជាតិនាព្រឹកមិញនេះ មានការចូលរួមពីស្រ្តីមកពីតាមមន្ទីរខេត្ត ក្រុងនានា ដែលចំណុះក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា ការដែលរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសប្រធានបទស្តីពី «ការវិនិយោគលើសមភាពយ៉េនឌ័រ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព» សម្រាប់ការប្រារព្ធទិវា នៃនារីអន្តរជាតិ៨ មីនា ឆ្នាំ២០១៦នេះ គឺក្នុងបំណង បង្កើនភាពអង់អាចស្ត្រី និងក្មេងស្រី ដែលមានសារៈសំខាន់ក្នុងការចូលរួមសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។
លោកស្រី បានបន្ថែមថា នៅក្នុងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលដំណាក់កាលទី១, ២ និងទី៣ បានកំណត់ថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» ហើយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគាំទ្រ និងលើកកំពស់តួនាទីស្ត្រីឲ្យកាន់តែសំខាន់ កាន់តែសកម្មដើម្បីរួមចំណែកក្នុហការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងបានចាត់ទុកស្ត្រីជាត្បូង មានតម្លៃពុំអាចកាត់ថ្លៃបាន។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ថែមថា ការអភិវឌ្ឍន៍ស្ត្រី បានផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី តាមរយៈការផ្តល់អំណាចផ្នែកសេដ្ឋកិច្ច ការទទួលបានកិច្ចការពារផ្លូវច្បាប់កាន់តែប្រសើរ និង ការបង្កើតការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យនយោបាយ និងវិស័យសាធារណៈ៕