(រតនគិរី)៖ លទ្ធផលតេស្តលើកទី១លើស្ត្រី២នាក់ដែលប៉ះពាល់ប្រយោលនៅគ្លីនិក «៧៧៧» ខេត្តសៀមរាប គឺអវិជ្ជមានកូវីដ១៩។ នេះបើតាមការបញ្ជាក់ ពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានបញ្ជាក់ថា ស្ត្រី២នាក់ដែលប៉ះពាល់ប្រយោលជាមួយគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅគ្លីនិក«៧៧៧» សៀមរាប ហើយបានធ្វើដំណើរត្រឡប់មកផ្ទះនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង កាលពីវេលាម៉ោង១៩៖០០ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ស្ត្រី២នាក់នោះរួមមាន៖
* ឈ្មោះ ស៊ឹង លក្ខិណា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ
* ឈ្មោះ ហ៊ាង វួចអេង ជាសិស្សវិទ្យាល័យហ៊ុនសែនភូមិថ្មី (ត្រូវជាក្មួយស្ត្រីស៊ឹង លក្ខិណាស្នាក់នៅជាមួយគ្នា) ភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
បើតាមអាជ្ញាធរមូលដ្ឋានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ត្រី២នាក់ខាងលើ បានជូនម្តាយត្រឡប់ទៅផ្ទះនៅឯខេត្តសៀមរាបវិញ (មធ្យោបាយរថយន្តផ្ទាល់ខ្លួន) រួចក៏ចូលគ្លីនិក «៧៧៧» របស់បងឈ្មោះ ស៊ឹង លក្ខិណា មួយភ្លែត ដោយទុកឲ្យក្មួយស្រីនៅស្នាក់នៅទីនោះសិន។ លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ស៊ឹង លក្ខិណា បានទៅយកក្មួយត្រឡប់មកខេត្តរតនគិរីវិញ ដោយមិនបានចូលលេងគ្លីនិក «៧៧៧» ម្តងទៀតទេ។
បច្ចុប្បន្នស្ត្រីទាំង២នាក់នេះ កំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងលំនៅដ្ឋាន ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលផងដែរ៕