(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា មានក្តីរន្ធត់ និងសោកស្តាយជាពន់ពេកចំពោះមរណភាពលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខនៅថ្ងៃនេះ លោកបណ្ឌិត ជាម យៀប បានចាត់ទុកមរណភាពលោកវេជ្ជបណ្ឌិត ស្តើង ជា គឺជាការបាត់បង់នូវឥស្សរជនមួយរូបដែលបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ និងបានចំណាយពេលពេញមួយជីវិតរបស់លោក ក្នុងការចូលរួមដឹកនាំ ស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិឱ្យមានភាពរីកចម្រើនជាលំដាប់។
លោកបណ្ឌិត ជាម យៀប និងភរិយា ព្រមទាំងក្រុមគ្រួសារ រួមជាមួយសមាជិក សមាជិកា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានបួងសួងដល់វិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត ស្តើង ជា បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ស្តើង ជា វ័យ ៧៥ឆ្នាំ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីរូបលោកត្រូវបានរកឃើញមានជំងឺកូវីដ១៩នៅថ្ងៃទី២១ ខែមីនា។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត បានអាការៈរលាកសួតទាំងសងខាងធ្ងន់ធ្ងរ៕