(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបន្ទាន់ ក្នុងន័យអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសអ្នកលក់ដូរ ឬទិញស្វាយនៅផ្សារត្រែងត្រយឹង ជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ ឈ្មោះ អ៉ឹង ឡាង ត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត ដើម្បីឱ្យគ្រូពេទ្យយកសំណាក ធ្វើតេស្តរកមេរោគកូវីដ១៩។

ក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានណែនាំឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ អ៉ឹង ឡាង ក្រៅពីទៅឱ្យគ្រូពេទ្យយកសំណាកហើយ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លួនឯង និងអ្នកដទៃ ពិសេសត្រូវអនុវត្តតាមវិធានសុខាភិបាល និងវិធានការ ៣កាពារ ៣កុំ ឱ្យបានត្រឹមត្រូវផងដែរ។

សូមជម្រាបថា អ្នកជំងឺ អ៉ឹង ឡាង មានអាសយដ្ឋានរស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយបានធ្វើដំណើរទៅដល់ខេត្តសៀមរាប ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាខេត្តសៀមរាប។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖