(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា ឲ្យធ្វើការបន្ធូរបន្ថយ ដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូរ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មានរួមបានឲ្យដឹងថា ដោយទទួលបានអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈម នៃវិស័យអចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាល
ជំងឺកូវីដ-១៩ និងវិធានការអនុគ្រោះផ្សេងៗ ដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។
ក្នុងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយ បញ្ហាសម្ពោធហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ សូម៖
១៖ ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន
២៖ លើកលែង ការផាកពិន័យ ចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់តាមកាលកំណត់
៣៖ មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់រំលស់
៤៖ ដាក់ចេញនូវគោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា និង
៥៖ អនុវត្តវិធានការទាំងនេះ ឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។
ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗបន្តទៀត ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការអនុវត្តវិធានការខាងលើ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់៕