(ភ្នំពេញ)៖ ទីតាំងចំនួន១៣២កន្លែង នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ក្រោយផ្អាកជាបណ្ដោះអាសន្នមួយរយៈ ដោយសារជំងឺកូវីដ-១៩ ផ្ទុះក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះបើតាមលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយផ្អាកមួយរយៈដោយសារពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ រហូតមកដល់ពេលនេះ ទីតាំងចំនួន១៣២កន្លែងហើយ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ បន្ទាប់ពីរកមិនឃើញអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩បន្ថែមទៀត។
រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែទីតាំងទាំងអស់នោះ ត្រូវគោរពតាមវិធាន ៣ការពារ និង៣កុំ ហើយត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណៈ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន៧៨១នាក់, ស្លាប់ចំនួន៤នាក់៕