(ក្រចេះ)៖ អាជ្ញាធរសង្កាត់ក្រចេះ ដឹកនាំដោយលោក ឈិន លាងយី ចៅសង្កាត់ក្រចេះ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះអប់រំ ណែនាំផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារ ក្រៅផ្សារ តាមទីប្រជុំជន ចំណតរថយន្ត នៅផ្សារសាមគ្គី ក្រុងក្រចេះ និងផ្សារថ្មីក្រុងក្រចេះ ស្ថិតនៅសង្កាត់ក្រុងក្រចេះ។
លោក ឈិន លាងយី បានឲ្យដឹងថា ការចុះណែនាំប្រជាពលរដ្ឋ និងអាជីវករលក់ដូរនោះ ដើម្បីផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បម្លែងថ្មី តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺតម្រូវឲ្យពួកគាត់ឱ្យពាក់ម៉ាស់ លាងដៃ និងសាប៊ូ អាកុល ឬជែល រក្សាគម្លាត និងកំប្រមូលផ្ដុំគ្នា ដើម្បីសុវត្តិភាពខ្លួនឯង និងក្រុមគ្រួសារ។
លោកចៅសង្កាត់ បានបញ្ជាក់ទៀតថា ក្នុងនាមជាអាជ្ញាធរសង្កាត់ សូមអរគុណចំពោះប្រជាពលរដ្ឋដែលបានគោរពតាមវិធានការការពារ ណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏សូមអង្វរ ដល់ប្រជាពលរដ្ឋមួយចំនួនតូច ដែលពុំទាន់បានយកចិត្តទុកដាក់ការពារខ្លួន តាមវិធានការការពារនានារបស់ក្រសួងសុខាភិបាល ត្រូវតែអនុវត្តន៍តាម ទោះបីជានៅខេត្តក្រចេះ ធ្វើតេស្តនៅមិនទាន់មានអ្នកវិជ្ជមានជម្ងឺកូវីដ១៩ក៏ដោយ ត្រូវតែបន្ថែមការពារ និងអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់គ្នា៕