(ភ្នំពេញ)៖ បើទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតចូលសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងណាក្តី តែការធ្វើស្ថាបនាផ្លូវ ស្តារប្រឡាយ ធ្វើស្ពាន អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តធ្វើ ព្រោះថា រដូវវស្សាជិតមកដល់ហើយ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានថ្លែងថា ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តទៅការណែនាំ និងចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបើកការដ្ឋានធ្វើស្ពាន ចំនួន៧កន្លែង នឹងបុកស៊ីផាយនៅចំណូចណាមានប្រជាពលរដ្ឋរស់នៅច្រើនតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយមេទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមីនានេះ បានថ្លែងថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ឃួង ស្រេង មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រ កាយស្តារប្រឡាយទួលពង្រទី១ ដែលមានទំហ៊ំ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ហើយជាលទ្ធផលយើងស្តារបាន៩០ភាគរយ។
ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង ភូមិ សាស្ត្រ ខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់អាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខនេះ បានមួយកំរិតធំ។
លោក សាំ ពិសិដ្ឋ បានបន្តទៀតថា ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងត្រូវដាក់លូប្រអប់បណ្តោះសិន ដោយសារតែយើង បានកាត់ផ្តាច់ផ្លូវមួយចំនួន កាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋរស់នៅច្រើននោះ យើងត្រូវបុកស៊ីផាយ ដើម្បីទប់ដីកុំឲ្យបាក់ចូលប្រឡាយផងដែរ។
គួរបញ្ជាក់ថា គម្រោងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។
* ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។
* ដាក់លូប្រអប់ ស្របតាមផ្លូវជាតិលេខ៣ទំហំ៦ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវ ឆ្លងកាត់មានចំនួន៧កន្លែងផងដែរ៕