(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានត្រៀមឡានដឹកទឹកមួយចំនួន សម្រាប់សហការជាមួយសាលារាជធានីភ្នំពេញ និងទីតាំងផ្តល់ទឹកចំនួន១៦កន្លែងនៅជាយៗក្រុងភ្នំពេញ ដើម្បីធ្វើការដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក ដោយឥតគិតថ្លៃ។
បើតាមលោក ស៊ឹម ស៊ីថា បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ៤០,០០០គ្រួសារ ដែលរស់នៅប៉ែកខាងលិច នៃរាជធានីភ្នំពេញ អាចប្រឈមចំពោះ ការថមថយសម្ពាធទឹក និងខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។
ការលើកឡើងបែបនេះ របស់លោក ស៊ឹម ស៊ីថា ក្នុងឱកាសដែល អញ្ជើញចូលរួមក្នុងកម្មវិធី ភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ដំណោះស្រាយលើការខ្វះខាតទឹកស្អាតប្រើប្រាស់ ក្នុងរដូវប្រាំងឆ្នាំ២០២១នេះ» តាមរយៈវីដេអូពីចម្ងាយ។
លោក ស៊ឹម ស៊ីថា បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាករទឹក បានត្រៀមនូវរថយន្ដមួយចំនួន សម្រាប់សហការជាមួយសាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតទឹក ដើម្បីជួយសម្រួលដល់ពួកគាត់ ដោយមិនឥតថ្លៃសេវានោះឡើយ»។
លោក ស៊ឹម ស៊ីថា បានបន្ថែមទៀតថា រដ្ឋាករទឹកក៏មានការរៀបចំ ឲ្យប្រជាពលរដ្ឋដែលនៅជាយរាជធានីភ្នំពេញ មកយកទឹកដោយខ្លួនឯងបាន បើសិនជាខ្វះខាតខ្លាំង នៅតាមបណ្ដាលបំពង់ទឹករួម ដែលមានចំនួន១៦ទីតាំង នៅសង្កាត់តាមជាយក្រុង ភាគខាងលិច និងអាចអញ្ជើញ មកយកតាមបំពង់ពន្លត់អគ្គិភ័យផងដែរ។
អគ្គនាយករដ្ឋាករទឹកបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹក មានសមត្ថភាពក្នុងការផលិតទឹក ក្នុងរង្វង់៦០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ តែសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ប្រមាណជាង៧០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ បានន័យថា ខ្វះទឹកប្រមាណ១០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក ស៊ឹម ស៊ីថា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបិទបញ្ចប់បញ្ហាខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ជូនប្រជាពលរដ្ឋទាំងស្រុង ស្របតាមគោលនយោបាយវិស័យទឹកស្អាត របស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏សំណូមពរ ដល់ពលរដ្ឋរស់នៅកណ្តាលក្រុងភ្នំពេញ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីឲ្យពលរដ្ឋរស់នៅជាយៗក្រុង ទទួលបានទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំងនេះផងដែរ៕